(ហាណូយ)៖ ប្រទេសវៀតណាម បានប្រកាសថា ក្រុមសកម្មជនមួយដែលមានមូលដ្ឋាននៅក្នុងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក នោះគឺជាអង្គការភេរវកម្ម ហើយបើជនជាតិវៀតណាមណាម្នាក់ មានជាប់ពាក់ព័ន្ធនឹងក្រុមខាងលើនេះ នឹងត្រូវចាត់ទុកជាជនក្បត់ជាតិ ព្រមទាំងទទួលទោសផងដែរ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាល្ងាចថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០១៦។

ក្រុមមួយដែលមានឈ្មោះថា Viet Tan មានមូលដ្ឋាននៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ដែលយើងអាចហៅឈ្មោះពេញថា គណបក្សកំណែទម្រង់វៀតណាម ត្រូវបានរដ្ឋាភិបាលទីក្រុងហាណូយ ចោទប្រកាន់ថា បានធ្វើការប្រមែប្រមូលកម្លាំង និងបង្វឹក ជំនាញសំខាន់ៗ ដូចជា ការប្រើប្រាស់អាវុធ និងគ្រឿងផ្ទុះផងដែរ ដើម្បីធ្វើការវាយប្រហារនៅវៀតណាម។

គួរបញ្ជាក់ថា ការកើតគំនិតទោម្នេញទៅលើគណបក្ស Viet Tan ពីសំណាក់រដ្ឋាភិបាលវៀតណាមនេះ បានកើតមានឡើងជាយូរណាស់មកហើយ ប៉ុន្តែការប្រកាសចោទប្រកាន់ និងចាត់ទុកគណបក្សនេះថា ជាក្រុមបង្កភេរវកម្មដូចខាងលើនេះ ទើបតែបានធ្វើឡើងលើកដំបូងបង្អស់ នៅតាមកញ្ចក់ទូរទស្សន៍រដ្ឋ។ ទោះបីជាយ៉ាងនេះក្តី រដ្ឋាភិបាលអាមេរិកធ្លាប់បានអះអាងថា Viet Tan មិនត្រូវបានអាមេរិក ចាត់ចូលជាអង្គការភេរវកម្មនោះឡើយ ហើយប្រទេសវៀតណាមគួរតែធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់៕