(កំពង់ធំ)៖ ជាសំណាងដ៏ធំរបស់សិស្សានុសិស្ស និងយុវជនស្រុកបារាយណ៍ ខេត្តកំពង់ធំ  បន្ទាប់ពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារជួយស្រុកបារាយណ៍ បានប្រកាសផ្ដល់អាហារូបករណ៍ចំនួន៤៧០កន្លែង ក្នុងសាកលវិទ្យាល័យជាច្រើន ព្រមទាំងទទួលបានការណែនាំ និងផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងវិជ្ជាជីវៈទេសចរណ៍ យ៉ាងទូលំទូលាយច្បាស់លាស់។

ដំណឹងពិសេសនេះ ត្រូវបានប្រកាសឡើងក្នុងពិធី ជួបជុំសំណេះសំណាលស្ដីពី ការតម្រង់ទិសវិជ្ជាជីវៈទេសចរណ៍ដល់សិស្សានុសិស្ស យុវជនស្រុកបារាយណ៍ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦នេះ ដែលមានការចូលរួមពី តំណាងគ្រឹះស្ថានសិក្សាធំៗ សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ លោក-លោកស្រីនាយក និងនាយករងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនស្រុកបារាយណ៍ សរុប ៥០០នាក់។

គោលបំណងនៃពិធីជួបប្រជុំនេះ គឺដើម្បីពាំនាំនូវឱកាសសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា ឬថ្នាក់ជំនាញវិជ្ជាជីវៈ តាមរយៈកាផ្ដល់អាហារូបករណ៍របស់ លោកបណ្ឌិត ថោង ខុន និងលោកស្រី «អាហារូបករណ៍ខ្ញុំ អនាគតខ្ញុំ» ដល់យុវជនស្រុកបារាយណ៍ ពិសេសសិស្សានុសិស្សទាំងប្រឡងជាប់ និងធ្លាក់មធ្យមសិក្សាទុតិយភូមិ និងសិស្សានុសិស្សថ្នាក់ទី១១ ឆ្នាំសិក្សា២០១៥-២០១៦ អំពីឱកាសការងារក្នុងវិស័យទេសចរណ៍ ដែលកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងតម្រូវការទីផ្សារលើវិស័យទេសចរណ៍នៅកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ថោង ខុន បានដាស់តឿនថា «នៅទីនេះមានក្មួយខ្លះបានប្រឡងជាប់បាក់ឌុប ហើយក្មួយៗខ្លះទៀតប្រឡងធ្លាក់ ប៉ុន្តែក៏មានក្មួយៗខ្លះពេលប្រឡងជាប់ហើយ ហើយមានលទ្ធភាពបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ខណៈក្មួយៗខ្លះទៀតមិនអាចបន្តការសិក្សាបាន ហើយស្វែងរកការងារធ្វើ ប៉ុន្តែអ្វីដែលសំខាន់នោះ ត្រូវចាប់យកការងារអ្វីដែលជាជំនាញមួយច្បាស់លាស់»

លោករដ្ឋមន្រ្តីបានបន្តថា «ការងារទាំងអស់សុទ្ធតែថ្លៃថ្នូរ ហើយជាជីវិតរបស់មនុស្សម្នាក់ៗ ប៉ុន្តែសំខាន់នោះ ម្នាក់ៗត្រូវតែមានវិជ្ជាជីវៈពិតប្រាកដ ព្រោះថា បើម្នាក់ធ្វើជំនាញអ្វីត្រូវតែចេះជំនាញនោះ ហើយដើម្បីចេះជំនាញនោះ គឺម្នាក់ៗត្រូវតែខិតខំរៀនសូត្រ», លោកសង្កត់ធ្ងន់ថា «កម្លាំងយុវជន គឺជាកម្លាំងស្នូល ឬជាសសរទ្រូងនៃការអភិវឌ្ឍប្រទេសជាតិ ដូច្នេះយុវជនត្រូវតែមានសមត្ថភាព វិជ្ជាជីវៈដ៏ពិតប្រាកដ មិនអាចខ្វះបាន»

សូមបញ្ជាក់ថា អាហារូបករណ៍ដែលត្រូវបានផ្ដល់មានចំនួន ៤៧០កន្លែងខាងលើ ទទួលបានពីគ្រឹះស្ថានសិក្សាចំនួន ៩រួមមាន សាកលវិទ្យាល័យមេគង្គកម្ពុជា, សាកលវិទ្យាល័យអង្គរ, សាលាសណ្ឋាគារ និងទេសចរណ៍ភ្នំពេញ, សាលាវ៉េស្ទឡាញន៍, វិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនកម្ពុជា-ឥណ្ឌា, វិទ្យាស្ថានកុសមៈ, វិទ្យាស្ថានភាពកម្ពុជា-ថៃ, វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា។

ចំពោះកាលបរិច្ឆេទប្រគល់ និងដាក់ពាក្យស្នើសុំអាហារូបករណ៍ ត្រូវបានចាប់ផ្ដើមនៅ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦នេះ (ក្នុងពិធីនេះតែម្ដង) រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។ ក្នុងករណីការស្នើសុំអាហារូបករណ៍ លើសចំនួនកំណត់ខាងលើ បេក្ខជននឹងត្រូវធ្វើការតេស្តសមត្ថភាពផងដែរ៕