(ភ្នំពេញ)៖ សាលាប៊ែលធីអន្តរជាតិ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦នេះ បានរៀបចំពិធីសំណេះសំណាល និងចែករំលែកនូវបទពិសោធន៍ ការសិក្សារបស់សិស្សប៊ែលធី ជាប់និន្ទេស A ចំនួន ២០នាក់ ជូនដល់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សាថ្មី ក្រោមវត្តមាន លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងលោកស្រី ។

លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប ទទួលបន្ទុកសាលាប៊ែលធីអន្តរជាតិ បានឲ្យដឹងថា បច្ចុប្បន្ននេះ សាលាប៊ែលធីអន្តរជាតិ មាន ១៨សាខា ដែលក្នុងនោះ ១៦សខា កំពុងដំណើរ និង ២សាខាទៀតកំពុងសាងសង់ និងមានសិស្សកំពុងសិក្សា ចំនួន ៣១,៤៦៩នាក់។ លោកបន្តថា នៅក្នុងឆ្នាំសិក្សាថ្មី២០១៦-២០១៧នេះ មានសិស្សថ្នាក់ទី១២ ចំនួន ១,១៩៧នាក់ ហើយឆ្នាំសិក្សា២០១៥-២០១៦ កន្លងមកនេះ មានសិស្សចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១,១៥៧នាក់ បានប្រឡងជាប់ចំនួន ៩៧១នាក់ ស្មើនឹង ៨៣.៩២% ក្នុងនោះជាប់និទ្ទេស A ចំនួន ២០នាក់ (ជាពិសេសជាប់និទ្ទេស A លេខ១ ទូទាំងប្រទេស) និទ្ទេស B ចំនួន ៨៦នាក់ និទ្ទេស C ចំនួន ១៥២នាក់ និទ្ទេស D ចំនួន ១៩១ នាក់ និង និទ្ទេស E ចំនួន ៥២២ នាក់ ដោយឡែកថ្នាក់ទី៩ មានសិស្សពូកែជាប់ទូទាំងរាជធានីភ្នំពេញ ចំនួន ០៥នាក់ និងថ្នាក់ទី១២ ជាប់ទូទាំងខេត្តកណ្តាល ចំនួន ០១នាក់ ហើយជាប់សិស្សពូកែទូទាំងប្រទេស ថ្នាក់ទី១២ ចំនួន ០២នាក់ ផ្នែកអក្សរសិល្ប៍ខ្មែរ ចំនួន ០១នាក់ និងគណិតវិទ្យា ចំនួន ០១នាក់ផងដែរ។

ក្នុងឱកាសនោះផងដែរ លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប បានកោតសរសើរដល់សិស្សនិទ្ទេស A ទាំង ២០នាក់ និងសិស្សពូកែទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យនាពេលនេះ និងបានថ្លែងអំណរគុណដល់មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានបង្កលក្ខណៈឲ្យកូនរបស់ខ្លួន មានឱកាសបានសិក្សានៅផ្ទះបន្ថែម និងគោរពវិន័យសាលាបានល្អ។ លោកអគ្គនាយកក៏បានកោតសរសើរចំពោះ សិស្សឈ្មោះ កាំង ស៊ីញលី ដែលទទួលបាន និទ្ទេស A លេខ១ ក្នុងចំណោមសិស្សនិទ្ទេស A សរុបចំនួន ៤០៥នាក់ ដែលមានលំដាប់ពិន្ទុ ១០០.០០% ខ្ពស់ជាងគេទូទាំងប្រទេសផងដែរ។

ជាទីបញ្ចប់ លោកអគ្គនាយកប៊ែលធីគ្រុប និងលោកសស្រី ក៏បានប្រគល់លិខិតសរសើរ និងអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ដល់សិស្សនិទ្ទេស A ទាំង ២០នាក់ ត្រូវបានបញ្ជូនទៅសិក្សាក្រៅប្រទេស តាមរយៈអាហារូបករណ៍ឧកញ៉ា លី ឆេង ដូចជា៖ ប្រទេសសិង្ហបុរី សាធារណរដ្ឋប្រជាមានិតចិន (ផ្នែកពេទ្យ និងវិស្វកម្ម) ប្រទេសថៃ និងសាធារណៈរដ្ឋកូរ៉េ ព្រមទាំងជួយឧបត្ថម្ភថវិកា សម្រាប់ចំណាយផ្សេងៗ ចំនួន ៣,០០០ ដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់។ ចំណែកឯសិស្ស ៤នាក់ ដែលពុំមានលទ្ធភាពទៅសិក្សាក្រៅប្រទេស លោកក៏បានផ្តល់អាហារូបករណ៍ ១០០% ឲ្យសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងឧបត្ថម្ភថវិកាសម្រាប់ចំណាយផ្សេងៗចំនួន ៣,០០០ ដុល្លារ និងឆ្នាំបន្តបន្ទាប់ ចំនួន ១,២០០ ដុល្លារក្នុងម្នាក់ រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រផងដែរ។

ចំពោះសិស្សឈ្មោះ កាំង ស៊ីញលី ជាប់និទ្ទេស A លេខ១ ទូទាំងប្រទេស លោកអគ្គនាយកឧបត្ថម្ភថវិកាសម្រាប់ចំណាយផ្សេងៗចំនួន ៥,០០០ ដុល្លារ និងឆ្នាំបន្តបន្ទាប់ ចំនួន ៣,០០០ដុល្លារ រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ។ រីឯលោកគ្រូ-អ្នកគ្រូ ថ្នាក់ទី១២ ដែលបង្រៀនសិស្សជាប់និទ្ទេស A ក៏ទទួលបានក្នុងម្នាក់ ១០០ដុល្លារផងដែរ។ ចំពោះសិស្សពូកែ ថ្នាក់ទី១២ ជាប់លេខ១ ផ្នែកគណិតវិទ្យា ទូទាំងរាជធានីភ្នំពេញ ទទួលបាន ៧០០ដុល្លារ និងគ្រូក៏ ៧០០ដុល្លារផងដែរ និងសិស្សពូកែថ្នាក់ទី៩ ជាប់លេខ២ ផ្នែកអក្សរសិល្ប៍ខ្មែរទូទាំងរាជធានីភ្នំពេញ ទទួលបាន ៦០០ដុល្លារ និងគ្រូក៏ ៦០០ដុល្លារផងដែរ។ ចំណែកឯសិស្សពូកែដែលជាប់លេខ៥ &៦ ចំនួន ៤នាក់ទៀត ទទួលបានក្នុងម្នាក់ ៣០០ដុល្លារ និងគ្រូក្នុងម្នាក់ក៏ ៣០០ដុល្លារផងដែរ៕