(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ទៅចូលរួមវេទិកា «សៀងសានលើកទី៧» ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងប៉េកាំង ប្រទេសចិន។

វេទិកានេះ មានគោលដៅពិភាក្សាពីការអភិវឌ្ឍផ្នែកសន្តិសុខ បញ្ហាក្តៅមួយចំនួន ពង្រឹងការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការនិងចូលរួម ចំណែកលើសន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការពារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះ។

វេទិកា «សៀងសានលើកទី៧» ជាវេទិកាប្រចាំឆ្នាំសម្រាប់កិច្ចសន្ទនាខ្ពស់ ស្តីពីបញ្ហាសន្តិសុខ និងការពារជាតិនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំការពារជាតិ និងមេដឹកនាំយោធាអ្នកតំណាង អង្គការអន្តរជាតិ អតីតមន្រ្តីរាជរដ្ឋាភិបាល និងមន្រ្តីយោធាអ្នកជំនួញ និងសាស្រ្តចារ្យមកពីបណ្តាប្រទេសក្នុងអាស៊ីប៉ាស៊ីហ្វិក និងតំបន់ពាក់ព័ន្ធផ្សេងៗទៀត៕