(វ៉ាស៊ីនតោន)៖ មន្រ្តីអាមេរិកមួយរូបបានធ្វើការចោទប្រកាន់ រដ្ឋាភិបាលរុស្ស៊ីថា បានដឹកនាំការ វាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែត ក្នុងគោលបំណងបន្ទុចបង្អាក់ដំណើរការ នៃការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅ នាខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០១៦។

ការថ្លែងចោទប្រកាន់ខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីទំនាក់ទំនងរវាង អាមេរិក និង រុស្ស៊ី មានការប្រេះស្រាំ ដោយសារតែមិនអាចបញ្ចប់អំពើហិង្សា នៅក្នុងប្រទេសស៊ីរីបាន។ ជាមួយគ្នានេះដែរ វាគឺការចោទប្រកាន់ជាផ្លូវការមួយរបស់ទីក្រុងវ៉ាស៊ីនតោន មកលើទីក្រុងមូស្គូ នៅក្នុងជម្លោះនៃការ វាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែត ខណៈអ្នកវិភាគជាច្រើនបានអះអាងថា ការ Hack នេះ ទំនងពិតជាត្រូវបានធ្វើឡើងដោយ រុស្ស៊ី ប្រាកដមែន។

ជាមួយគ្នានេះដែរ មន្រ្តីរដ្ឋបាលអាមេរិកបានបញ្ជាក់ឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន នឹងធ្វើការឆ្លើយតប ទៅរុស្ស៊ីវិញចំពោះការវាយប្រហារនេះ ប៉ុន្តែអាមេរិកមិនបានផ្តលព័ត៌មានលម្អិតអ្វីនោះទេ ដោយបាន ត្រឹមថ្លែងយ៉ាងខ្លីថា «យើងនឹងធ្វើសកម្មភាពដើម្បីការពារ ផលប្រយោជន៍របស់ពួកយើង ដោយរួមបញ្ចូល ប្រព័ន្ធទាក់ទងលើបណ្តាញអ៊ីនធឺណែតផងដែរ ហើយយើងនឹងធ្វើយ៉ាងដូច្នោះ នៅតាមពេលវេលា និងកន្លែងដែលយើងជ្រើសរើស»

គួរបញ្ជាក់ថា អាមេរិកធ្លាប់បានអះអាងថា រាល់ការវាយប្រហារតាមប្រព័ន្ធ​អ៊ីនធឺណែតមកលើគ្រិះស្ថាន​សំខាន់ៗរបស់ខ្លួន នឹងប្រទេសដែលប្រព្រឹត្តនោះនឹងទទួលបានទៅវិញ នៅក្នុងទម្រង់ជាការដាក់​ទណ្ឌកម្មផ្នែកការទូតឬសេដ្ឋកិច្ច ឬមួយក៏អាចទទួលរង​ការវាយប្រហារ តាមរយៈប្រព័ន្ធអ៊ីនធឺណែត​តបតទៅវិញ​ផងដែរ៕