(ភ្នំពេញ)៖ អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅសាលាក្តីខ្មែរក្រហម នឹងបន្តដំណើរការសវនាការ សួរដេញដោលលើភស្តុតាងក្នុងសំណុំរឿង ០០២/០២ ទាក់ទងនឹង នួន ជា និងខៀវ សំផន នៅថ្ងៃចន្ទទី១០ ខែតុលា ឆ្នាំ២០១៦ ចាប់ពីម៉ោង៩ព្រឹកតទៅ នៅក្នុងសាលសវនាការរបស់សាលាក្តីខ្មែរក្រហម។

សេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម បានឲ្យដឹងទៀតថា ដោយសារតែកម្រិតទឹកខ្ពស់ នៅជុំវិញបរិវេណតុលាការ ហើយកន្លែងចតរថយន្ត និងទីធ្លាច្រកចូលត្រូវបានទឹកជន់លិច បច្ចុប្បន្ននេះ មិនទាន់មានផ្លូវសុវត្ថិភាពណាមួយ សម្រាប់ការចូលរួមរបស់សាធារណជនក្នុងដំណើរ ការសវនាការនេះទេ។ ហេតុដូច្នេះ សាធារណជនមិនអាចចូល ទៅកាន់សាលសវនាការបាននៅឡើយ ប៉ុន្តែអាចតាមដានដំណើរការសវនាការបាន តាមរយៈការផ្សាយផ្ទាល់តាមប្រព័ន្ធ Internet របស់តុលាការជាបីភាសា៖
https://www.eccc.gov.kh/live-stream (ភាសាខ្មែរ)
https://www.eccc.gov.kh/en/live-stream (ភាសាអង់គ្លេស)
https://www.eccc.gov.kh/fr/live-stream (ភាសាបារាំង)

ជាមួយគ្នានេះ តំណាងសារព័ត៌មាន ដែលមានបំណងតាមដានដំណើរការសវនាការនេះ ត្រូវចូលមកទៅកាន់ សាលាក្តីខ្មែរក្រហម តាមរយៈច្រកចូលរបស់មន្ត្រីបុគ្គលិក មានចម្ងាយប្រមាណ ២០០ ម៉ែត្រ ភាគខាងជើងច្រកចូលសម្រាប់សាធារណជននៅលើកំណាត់ផ្លូវជាតិលេខ៤៕