(សៀមរាប)៖ ប្រជាពលរដ្ឋដែលរស់នៅ ស្របច្បាប់ក្នុងតំបន់អង្គរ មិនត្រូវបានហាមឃាត់ ក្នុងការងាររុះរើផ្ទះចាស់ ដើម្បីជួសជុល ឬសាងសង់ថ្មីជំនួសនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ការសាងសង់តូចៗ ក៏ត្រូវបានអនុញ្ញាតដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរានីមួយៗ ដែលចុះទៅជួបប្រជាពលរដ្ឋជារៀងរាល់សប្តាហ៍។

 ការចុះប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ និងការអនុញ្ញាតសាងសង់ផ្ទាល់នៅមូលដ្ឋានគឺជាសេវាកម្មមួយដែលអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ជាខ្លាំងក្នុងសម្រួលការលំបាកដល់ប្រជាជនក្នុងការធ្វើដំណើរឆ្ងាយ និងរង់ចាំពេលវេលាយូរ។

តាមរបាយការណ៍ក្រុមការងារសហគមន៍ របស់អាជ្ញាធរជាតិអប្សរាចេញផ្សាយថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ បញ្ជាក់ថា ក្នុងរយៈពេល៩ខែកន្លងទៅនេះ ក្រុមការងារសហគមន៍ បានចុះពិនិត្យនិងអនុញ្ញាតការសាងសង់ និងការជួសជុលផ្ទះដល់មូលដ្ឋាន ជូនប្រជាពលរដ្ឋផ្ទាល់បានចំនួន៣៣៩ករណី។ ក្រៅពីចុះពិនិត្យ និងអនុញ្ញាតការសាងសង់ និងការជួសជុលផ្ទះដល់ប្រជាពលរដ្ឋ ក្រុមការងារសហគមន៍ ក៏បានចុះទៅអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពី ការចូលរួមថែរក្សាការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌ ជូនដល់ប្រជាពលរដ្ឋបានចំនួន៣៣ភូមិ ដែលមានប្រជាពលរដ្ឋចូលរួម ចំនួន៣៣៨៧នាក់ និងអប់រំតាមសាកលវិទ្យាល័យចំនួន៦ ដែលមាននិស្សិតចូលរួមសរុប៦៣៨នាក់។

ជាមួយគ្នានេះ ក្រុមការងារសហគមន៍ ក៏បានចុះជួបសួរសុខទុក្ខ និងនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកចែកជូនដល់ស្រ្តី ទើបឆ្លងទន្លេរួចចំនួន១៤៦២គ្រួសារ ដែលជាអំណោយរបស់បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកស្រី ព្រមទាំងឧបត្ថម្ភសម្ភារៈ និងថវិកាដល់ប្រជាពលរដ្ឋរងគ្រោះ ដោយភ្លើងឆេះនិងខ្យល់កន្ត្រាក់ផ្ទះចំនួន៧គ្រួសារ ៕