(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះ បានចុះបើកច្រកចេញចូលមួយកន្លែង ជាផ្លូវបេតុង តភ្ជាប់ទៅផ្លូវលេខ២០ តាមសំណូមពររបស់ ប្រជាពលរដ្ឋ៨គ្រួសារ សម្រាប់ប្រើប្រាស់ឡើងវិញ បន្ទាប់ពីផ្លូវនេះបានបិទអស់ ជាច្រើនឆ្នាំ នៅខាងលិចផ្សារពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ម៉ៅ ធនិន បានជម្រាបទៅដល់តំណាងប្រជាពលរដ្ឋទាំង៨គ្រួសារ និងអ្នកលក់ដូរនៅទីនោះឲ្យដឹងថា រដ្ឋបាលខេត្តពោធិ៍សាត់ សូមឲ្យរុះរើតូប និងបាសាំងទឹក ដែលសង់នៅលើផ្លូវចាស់ ឲ្យបាននៅដើមខែវិច្ឆិកា និងត្រូវចូលរួមសហការគ្នារៀបចំប្រព័ន្ធលូចំកណ្តាល មុននឹងចាកប៉េតុង ដែលមានទទឹង ៤ម៉ែត្រ និងបណ្តោយ ៥០ម៉ែត្រ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ កាត់បន្ថយការកកស្ទះនៅពេល ខាងមុខ។

ជាមួយគ្នានោះ តំណាងប្រជាពលរដ្ឋទាំង ៨គ្រួសារ ដែលរងការប៉ះពាល់ បានថ្លែងអំណរគុណ ចំពោះលោកអភិបាលខេត្តដែលមាន ចំណាត់ការល្អក្នុងការដោះស្រាយបើកច្រក សម្រាប់ឲ្យប្រជាពលរដ្ឋចេញចូល ជាទង្វើដ៏ល្អប្រពៃ និងជាថ្នាក់ដឹកនាំម្នាក់ធ្វើឲ្យពួកខ្ញុំ ទាំងអស់គ្នា កាន់តែមានទំនុកចិត្តគោរពស្រលាញ់។

ក្នុងថ្ងៃដដែលនោះ លោកបានបន្តទទួលដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ព្រមទាំងបានផ្តល់ ស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋក្រីក្រ នៅសាលាខេត្តពោធិ៍សាត់ ផងដែរ៕