(ភ្នំពេញ)៖ ជនប្រើប្រាស់គ្រឿងញៀន២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារដេញតាមបង្ក្រាប និងឃាត់ខ្លួនភ្លាមៗ ដោយដកហូតបានថ្នាំញៀន៦កញ្ចប់ និងម៉ូតូ១គ្រឿងនៅយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវម៉ាស៊ីនទឹក ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

លោក ឯក សេរីវុធ អធិការរងនគរបាលខណ្ឌជ្រោយចង្វារបានឲ្យដឹងថា ជនស្ស័យត្រូវឃាត់ខ្លួនទី១-ឈ្មោះ នឿន ចាន់ណា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ និងទី២-ឈ្មោះ ជាង ប៉ង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករដូចគ្នា ជនសង្ស័យទាំង២នាក់ស្នាក់នៅ ភូមិជ្រៃ ឃុំរការ ស្រុកពារាំង ខេត្តកំពង់ចាម ។ លោកអធិការង បានឲ្យដឹងទៀតថា មុនឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វារ សហការនិងកម្លាំងនគរបាលខណ្ឌ ដែលឈរជើងយាមល្បាតក្នុងមូលដ្ឋាន បានដាក់ការសង្ស័យ និងជិះម៉ូតូដេញតាមយុវជន២នាក់ដែលជិះបើកម៉ូតូ១គ្រឿង រហូតមកដល់កំណាត់ផ្លូវម៉ាស៊ីនទឹក ក៏ធ្វើការស្ទាក់ឃាត់ដើម្បីត្រួតពិនិត្យ ស្រាប់តែរកឃើញដកហូតបានថ្នាំញៀន៦កញ្ចប់តូច ដែលក្រុមទាំងនេះបានលាក់ទុកក្នុងខ្លួនបម្រុងយកទៅប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន។ លោកបន្តថា បន្ទាប់ពីរកឃើញថ្នាំញៀន កម្លាំងនគរបាលបានដកហូតម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព១គ្រឿងម៉ាកហុងដាសង់ឌ្រីមសេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CQ-9839 ផងដែរ ។

បច្ចុប្បន្នជនសង្ស័យជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនទាំង២នាក់ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងចាត់​ការតាមនីតិវិធី​៕