(បាត់ដំបង)៖ ក្រោម​បទ​បញ្ជា​ផ្ទាល់​ពី ​លោក​ ស​ ថេត​ ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ លោក​ឧត្ដម​សេនីយ៍​ត្រី​ ជេត​ វណ្ណនី​ ស្នងការ​រង​ទទួល​ផែន​យុត្តិធម៌ បាន​ដឹក​នាំ​កម្លាំង​ក្រុម​បង្ការបង្រ្កា​ប ​នៃស្នងការដ្ឋាននគរបាលខេត្ត​ ចុះ​ប្រតិបត្តិ​ការ​បង្រ្កាប​កន្លែង​ជល់​មាន់​មួយកន្លែង​​ ចាប់​ឃាត់​ខ្លួន​មនុស្ស​៥នាក់ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។

​​លោក​អនុសេនីយ៍​ សឿង​ គឹមសុង​ ប្រធាន​ក្រុម​បង្ការ​បង្រ្កាប​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ម៉ោងរសៀលថ្ងៃទី​៦ ខែតុលា ឆ្នាំ២០១៦ ក្រុម​បង្ការបង្ក្រាបបានចុះប្រតិបត្តិការបង្ក្រាប ទីតាំងភ្នាល់ល្បែងស៊ីសង (ភ្នាល់មាន់ជល់) មួយកន្លែង ដែលស្ថិតក្នុងភូមិខ្សោយ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយសារតែផ្លូវចូលមានការលំបាកដូច្នេះហើយ ទើបក្រុមបង្ការបង្ក្រាប ឃាត់ខ្លួន​បានមនុស្ស៥នាក់​ ម៉ូតូ៤គ្រឿង បន្ទាប់មកកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យ ទាំង​៥​នាក់នោះ មកកាន់ស្នងការដ្ឋាន រួចបានបញ្ជូនឲ្យ​ការិយាល័យជំនាញដើម្បីចាត់ការបន្ត។

ក្នុងនោះដែរលោក​បានណែនាំ ប្រជាពលរដ្ឋចាស់ៗ ប្រហែលជា១០នាក់ ដែលអង្គុយលេងបៀរតងនៅក្បែរកន្លែងជល់មាន់នោះ ឲ្យឈប់លេងល្បែងស៊ីសងតទៅទៀត ពួកគាត់បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ​។ ប៉ុន្ដែក្រុម​អ្នកញៀនល្បែងភ្នាល់ជល់មាន់ ត្រូវបានការិយាល័យជំនាញ ឲ្យធ្វើកិច្ចសន្យាបញ្ឈប់លេងតទៅទៀត និងឲ្យវិលត្រឡប់ទៅផ្ទះវិញ៕