(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការដាក់ចេញនូវគោលនយោបាយបើកចំហ សេដ្ឋកិច្ចទីផ្សារ សេរីរបស់រាជរដ្ឋាភិបាល និងការរក្សាបាននូវស្ថិរភាពនយោបាយ ព្រមទាំងសុខ សន្តិភាពជូនប្រជាជន និងវិនិយោគិន គឺជាកត្តាដែលនាំឲ្យ កម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញ សម្រាប់គម្រោងវិនិយោគតូចធំ ដែលបាននាំមកនូវប្រាក់ចំណូលជូនជាតិ និងឱកាសការងារដ៏សម្បូរ បែបសម្រាប់ប្រជាពលរដ្ឋគ្រប់វ័យ។

ការថ្លែងបែបនេះ របស់លោករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើង ក្នុងឱកាសសម្ពោធសាខាហាងកាហ្វេ Starbucks នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតនៅសង្កាត់បឹងកេងកង​១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រី ​បន្តទៀតថា «ពិធីបើកសម្ពោធហាងកាហ្វេ Starbucks នាថ្ងៃនេះ ពិតជាឆ្លុះបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនចំពោះ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល បានប្រឹងប្រែងស្តារ និងកសាងប្រទេសឲ្យមានភាពរីកចម្រើនស្ទើរគ្រប់វិស័យ។ វត្តមានហាង កាហ្វេ Starbucks ដែលជាសាខាទី៣ថ្មីនេះ ក៏នឹងជួយបង្កើនទំនុកចិត្តសម្រាប់វិនិយោគិនបរទេសដ៏ទៃទៀត ឲ្យចូលមក វិនិយោគកាន់តែច្រើននិងរួម ចំណែកប្រែក្លាយកម្ពុជាឲ្យទៅជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញ​ នៅក្នុងតំបន់ ហើយក្រសួងពាណិជ្ជកម្ម នឹង​ផ្តល់ការគាំទ្រយ៉ាងមុតមាំ ដើម្បីធ្វើឲ្យប្រតិបត្តិការអាជីវកម្មនេះ​ ទទួលបានជោគជ័យ»

សូមបញ្ជាក់ថា យោងតាមប្រភពទិន្ន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា នៅឆ្នាំ​២០១៥ កម្ពុជាបាន​ទាក់ទាញវិនិយោគ ដោយផ្ទាល់ពីបរទេស ជាមួយមូលធនវិនិយោគសរុប ៣,៣១៥លានដុល្លារ ហើយក្នុងនោះមូលធន​៤០% បានវិនិយោគនៅក្នុងវិស័យ ឧស្សាហកម្ម​៣៧% វិនិយោគនៅ​ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ​១៣% វិនិយោគនៅក្នុងវិស័យកសិកម្ម និង១០%ទៀត វិនិយោគនៅក្នុង វិស័យទេសចរណ៍។

ជាកិច្ចឆ្លើយតបលោក Mark  Ring  ប្រធានគ្រប់គ្រងក្រុមហ៊ុនកាហ្វេ Starbucks បានឲ្យដឹងថា«ខ្ញុំក៏សប្បាយរីករាយដូចគ្នា នូវការស្វាគមន៍ដ៏កក់ក្ដៅរបស់កម្ពុជា ពិសេសនៅថ្ងៃនេះតែម្ដង ខ្ញុំពិតជាអរគុណដល់អតិថិជនទាំងអស់ដែលគាំទ្រនូវហាងកាហ្វេ Starbucksនេះ តាំងពីសាខាហាងទី១ រហូតមកដល់សាខាទី៣ថ្មី​នេះ»

គួររម្លឹកថា  កាហ្វេ Starbucks លំដាប់​ពិភពលោកនេះ មានដើមកំណើតនៅសហរដ្ឋអាមេរិក អស់រយៈពេល៤៥ឆ្នាំមកហើយ ។ បច្ចុប្បន្នក្រុមហ៊ុនកាហ្វេ Starbucks បានពង្រីកសាខារបស់ខ្លួនបានជាង៦.២០០កន្លែងនៅប្រទេសចិន និងអាស៊ីប៉ាស៊ីហ្វិក។ សម្រាប់កម្ពុជា Starbucks បានពង្រីកបាន៣សាខា ទីមួយនៅបរិវេណព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ ទីពីរ នៅផ្សារទំនើបអ៊ីអនម៉ល និងទីបី នៅតំបន់បឹងកេងកង៕