(ពោធិ៍សាត់)៖ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយ លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផលក្រគរ​​ សហការជាមួយមន្រ្តីពាក់ព័ន្ធ ចុះបង្រ្កាបបទល្មើសនេសាទ(ឈ្នក់) ជាប្រភេទឧបករណ៍រួមផ្សាំ ដោយរឹបអូសបាននូវវត្ថុតាងតាងយ៉ាងច្រើន​ យកទៅរក្សាទុកដើម្បី ចាត់ការបន្តតាមនីតិវិធី។

ប្រតិបត្តិការនេះ ធ្វើឡើងនៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ នៅបឹងទន្លេសាបចាប់ពី​ចំណុចភូមិកំពង់ឃ្នាស ឃុំក្បាលត្រាច រហូតដល់ភូមិ កំពង់ផ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផលក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា លទ្ធផលក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងធ្វើការបង្រ្កាបបានរួមមាន សាច់ឈ្នក់ចំនួន ១២គ្រឿង អាគុយ​១៤ធុង អំពូលភ្លើង​១៤អំពូល ដុំភ្លើង(អាំទ័រ)​១៤គ្រឿង ខ្សែភ្លើងប្រវែង​១៨០ម៉ែត្រ ខ្សែនីឡុងរួមផ្សាំប្រវែង​១,៤០០ម៉ែត្រ និងបង្គោលឈើ​៥៦ដើម៕