(សេអ៊ូល)៖ ក្រុមហ៊ុន Samsung Electrotics នៅតែបន្តរកបានប្រាក់ចំណូលយ៉ាងច្រើន នៅក្នុងត្រីមាសទីបីនៃឆ្នាំ២០១៦ នេះ ដោយសារតែការលក់ចេញយ៉ាងសម្បើម នូវ បន្ទះអេក្រង់ និង ឧបករណ៍ចម្លង ( semiconductors) ប្រកបដោយគុណភាពខ្ពស់។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០១៦។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងខាងលើ បានបង្ហាញឲ្យឃើញនៅក្នុង ស្ថិតិប្រាក់ចំណូល របស់ខ្លួនប្រចាំ ខែកក្កដា-សីហា-កញ្ញា ថា បានរកប្រាក់ចំណូល ៧.៨ពាន់ពាន់លានវ៉ុន ដែលស្មើនឹង ៧ពាន់លានដុល្លារអាមេរិក ហើយចំនួននេះ បើយកទៅធៀបនឹងប្រាក់ចំណូលដែលរកបានក្នុង រយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺបានកើន៥.៥៥ភាគរយ ប៉ុន្តែចំនួននេះបានធ្លាក់ចុះ៤.១៨ភាគរយ ពីចំនួនទឹកប្រាក់ ៨.១៤ពាន់ពាន់លានវ៉ុន (៧.៣ពាន់លានដុល្លារ) ដែលក្រុមហ៊ុនរកបាន នៅត្រីមាសមុន។

គួរបញ្ជាក់ដែរថា ប្រាក់ចំណូលដែលរកប្រាក់ហួសពីការរំពឹងទុកនេះ របស់ក្រុមហ៊ុន Samsung នៅតែអាចកើតមានទៅរួច ស្របពេលដែលកំពូលទូរស័ព្ទ Galaxy Note 7 ត្រូវបានបញ្ជាក់ពីសុវត្ថិភាព និង បញ្ចេញទៅលក់វិញនៅលើទីផ្សារអន្តរជាតិ ឡើងវិញផងដែរ៕