(ភ្នំពេញ)៖ ហាក់ឆ្លើយតប ទៅនឹងការមិនចូលប្រជុំសភា របស់ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នៅប៉ុន្មាននាទីមុននេះ សម្តេចតេជោ​ ហ៊ុន សែន បានបង្ហោះនៅលើ Facebook របស់សម្តេចថា ពេលនេះ រដ្ឋសភាដំណើរការអនុម័តច្បាប់ ជាធម្មតាហើយរដ្ឋសភាមិនមែន ជាចំណាប់ខ្មាំងរបស់ក្រុមណាទេ។ សម្តេចបានលើកឡើងថា «ទោះមាន់មិនរងាវ ក៏ព្រះអាទិត្យរះដែរ»

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ពេលនេះកំពុងប្រជុំរដ្ឋសភា ដែលជាដំណើការធម្មតានៃអង្គនីតិបញ្ញតិ។ ដោយរបៀបវារះច្រើនថ្ងៃនេះ ច្បាស់ជាបាយថ្ងៃត្រង់នៅរដ្ឋសភាទៀតហើយ  ហើយការប្រជុំច្បាស់ជាអូសបន្លាយរហូតដល់ពេលល្ងាច។ ទោះមាន់មិនរងាវ​ ក៏ព្រះអាទិត្យនៅរះដដែលព្រោះមិនមែនជាចំណាប់ខ្មាំងរបស់ក្រុមណាមួយនោះទេ»

សូមជំរាបថា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គលើកទី៧ សម្រាប់នីតិកាលទី៥នេះ ដោយមានរបៀបវារៈចំនួន៨ នឹងត្រូវពិភាក្សា​និងអនុម័ត។ ប៉ុន្តែបក្សប្រឆាំង ដែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលសភានោះ បានផ្លាស់ប្តូរជំហររបស់ខ្លួនឯងវិញ ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានអះអាងថា ការមិនចូលប្រជុំសភា របស់ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង ដោយសារតែមានការគំរាមកំហែង ដល់ក្រុមរបស់ខ្លួន។ ទោះជាយ៉ាងណា​ លោក យឹម សុវណ្ណ មិនបានបញ្ជាក់ថា ការគំរាមកំហែងនោះយ៉ាងម៉េចនោះទេ។

លោក យឹម សុវណ្ណ ថ្លែងយ៉ាងដូច្នេះថា «ព័ត៌មានចុងក្រោយ ដែលយើងបានទទួលពីប្រភព ដែលអាចទុកចិត្តបាន គឺមានការគំរាមកំហែងមកលើក្រុមតំណាងរាស្រ្ត និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ យើងបានធ្វើការប្រមែប្រមូលព័ត៌មានព្រឹកមិញ យើងជួបជុំគ្នាយើងធ្វើសេចក្តីសម្រេចរួមគ្នា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិទាំងអស់ នឹងមិនទៅចូលរួមប្រជុំសភានៅថ្ងៃនេះទេ»