(​ម៉ានីល)៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បាននិយាយនៅថ្ងៃសុក្រ នេះថា យោធាហ្វីលីពីនអាចធ្វើការ ឬគ្រប់គ្រង កិច្ចការដោយខ្លួនឯង ដោយមិនចំាបាច់មានជំនួយពី សហរដ្ឋអាមេរិក ឡើយ ហើយដែល ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានអះអាងថា ទីក្រុង វ៉ាស៊ីនតោន និង សហភាពអឺរ៉ុប អាចដកឬក៏លុបចោលជំនួយរបស់ខ្លួន បើសិនជាមិនពេញចិត្ត នឹងសង្រ្គាមគ្រឿងញៀនរបស់លោក។ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មាន Channel News Asia​​ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងវេទិកាទំនាក់ទំនងការបរទេស រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានលើក ឡើងដូច្នេះថា៖ «ខ្ញុំគិតថាយើងអាចរស់នៅដោយគ្មានជំនួយ (ពីសហរដ្ឋអាមេរិក) ស្របពេលដែលបច្ចុប្បន្នសភារបស់យើង បានផ្ដល់ប្រាក់ដើម្បីទិញបរិក្ខាយោធា ហើយខ្ញុំជឿថា ពួកគេនឹងផ្ដល់ឱ្យយើងបន្ថែមទៀត បើសិនជាយើងមិនមានប្រភពមូលនិធិផ្សេងទេនោះ»

គួរបញ្ជាក់ដែរថា សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយដ៏សំខាន់សម្រាប់ ហ្វីលីពីន ដែលបានជួយជ្រោមជ្រែងប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ក៏ដូចជាការធ្វើពាណិជ្ជកម្ម ការអភិវឌ្ឍន៍ និង កាត់បន្ថយភាពក្រីក្រ រួមទំាងការពង្រឹងសមត្ថភាពនៃវិស័យយោធាជាដើម។ ប៉ុន្តែទំនាក់ទំនង ល្អបែបនេះបាននិងកំពុងប្រែជាល្អក់កករ បន្ទាប់ពីទីក្រុង វ៉ាស៊ីនតោន និង សហភាពអឺរ៉ុប បានចេញមុខ រិះគន់លើសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់លោក Duterte៕