(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី គ្រោងសហការសិក្សារៀបចំអភិវឌ្ឍន៍ទីក្រុងទេសចរណ៍សៀមរាបអង្គរ ឱ្យក្លាយជាតំបន់ទេសចរណ៍ប្រកបដោយភាពល្បីល្បាញ និងមានភាពទាក់ទាញកាន់តែខ្លាំងក្លាថែមទៀត។

ព្រមជាមួយគ្នានេះ ភាគីសិង្ហបុរីក៏មានចំណាប់អារម្មណ៍ ចង់បង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជា្ជជីវៈទេសចរណ៍ នៅខេត្តសៀមរាបបន្ថែមទៀតផងដែរ ដោយមានការបង់ថ្លៃសិក្សាសមល្មម។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង លោករដ្ឋមន្រ្តី ថោង ខុន ជាមួយលោក Michael Tan Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦នេះ នាទីស្ដីការក្រសួងទេសចរណ៍។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី ថោង ខុន បានឱ្យដឹងថា រដ្ឋាភិបាលសិង្ហបុរី តាមរយៈលោកឯកអគ្គរដ្ឋទូត Michael Tan Siong បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការជួយសិក្សារៀបចំ អភិវឌ្ឍន៍​ទីក្រុងទេសចរណ៍សៀមរាបអង្គរ ឱ្យក្លាយជាទីក្រុងទេសចរណ៍មួយដ៏ល្បីល្បាញ ក្នុងនោះមានការគិតគូពីបញ្ហាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងការៀបចំធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរ បានមកទស្សនាកម្សាន្ត សប្បាយ ហើយស្នាក់នៅក្នុងរយៈពេលយូរ។

ក្នុងជំនួបនោះដែរ លោករដ្ឋមន្រ្តីក៏បានស្នើឱ្យសិង្ហបុរី ជួយសិក្សាអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិបឹងទន្លេសាប នៃខេត្តសៀមរាបផងដែរ ព្រោះក្នុងខេត្តសៀមរាបមានសក្ដានុពលទេសចរណ៍​សំខាន់ៗ​ចំនួន៣ រួមមាន តំបន់ប្រាសាទអង្គរវត្ត ទីក្រុងសៀមរាប និងតំបន់បឹងទន្លេសាបនេះតែម្ដង។

មួយទៀត​សោត លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ភាគីសិង្ហបុរីក៏មានចំណាប់អារម្មណ៍ គ្រោងបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្ស ផ្នែកទេសចរណ៍ផងដែរ ព្រោះកម្ពុជានៅមានសាលាបណ្ដុះ​បណ្ដាលតូចទូចនៅឡើយ ហើយមិនទាន់គ្រប់គ្រាន់ ក្នុងឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ ឥតឈប់ឈរនេះបានឡើយ ដូច្នេះសិង្ហបុរីមានបំណងចង់ជួយដល់កម្ពុជាក្នុងចំណុចនេះ។

លោករដ្ឋមន្រ្តីថា «អត់មានផលិតផលទេសចរណ៍ គឺគ្មានទេសចរទេ (No Product No Tourist) ផលិតផលទេសចរណ៍ត្រូវតែមានភាពទាក់ទាញ ធានាបានបរិស្ថានល្អហើយសេវាក៏ត្រូវតែប្រកបដោយគុណភាព។ ចង់មានគុណភាពត្រូវតែមានធនធាមមនុស្សដែលមានជំនាញវិជ្ជាជីវៈ ហើយដើម្បីមានជំនាញវិជ្ជាជីវៈ ត្រូវតែរៀន»។

លោករដ្ឋមន្រ្តីក៏បានបង្ហាញពីជំហរយ៉ាងម៉ឺងម៉ាត់ថា ក្រសួងទេសចរណ៍ ព្រមជាមួយរដ្ឋបាលខេត្តសៀមរាប នឹងខិតខំធ្វើកិច្ចការនេះជាមួយភាគីសិង្ហបុរីឱ្យបានល្អបំផុត ដើម្បីឱ្យការងារដ៏ពិសេសនេះ ប្រព្រឹត្តទៅប្រកបដោយភាពរលូនទៅមុខ សំដៅសម្រេចបានជោគជ័យលើការអភិវឌ្ឍន៍ ទីក្រុងទេសចរណ៍មួយនេះ ឱ្យកាន់តែមានភាពល្បីល្បាញថែមទៀត។

សូមជម្រាបថា ក្នុងឆ្នាំ២០១៥ ភ្ញៀវទេសចរសិង្ហបុរី បានមកទស្សនាកម្ពុជាមានចំនួន ៦៧,៦៦៩នាក់ (កើនឡើង ២.៨ភាគរយ) ហើយរយៈពេល ៧ខែ ដើមឆ្នាំ២០១៦នេះ ភ្ញៀវទេសចរសិង្ហបុរី បានមកទស្សនាកម្ពុជាមានចំនួន ៣៧,៨៧៣នាក់ (កើនឡើង ៩.៣ភាគរយ បើធៀបនឹង ៧ខែ ដើមឆ្នាំ២០១៥)៕