(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សេង ធារិន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ និងអាជ្ញាធរស្រុកព្រះនេត្រព្រះ បានដឹកនាំកងកម្លាំងយោធាជិត២០០នាក់នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦នេះ ចុះទៅស្តារអូរ ក្នុងបរិវេណវត្តពោធិកែវព្រះនេត្រព្រះឡើងវិញ សំរាប់ទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងមកកម្សាន្តស្ថិតនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រីសេង ធារិន បានថ្លែងថា ក្រោយពីមានអំពាវនាវ ពីប្រជាពលរដ្ឋ និងព្រះសង្ឃគង់នៅវត្តពោធិកែវព្រះនេត្រព្រះ នៅភូមិស្រុកពួកគាត់ ចង់បានការស្តារអូរឡើងវិញ ព្រោះអូរខាងលើនេះ វាមានសារប្រយោជន៍ជាច្រើន ដល់ភូមិពួកគាត់ ដូចជា ផ្តល់ទីតាំងកម្សាន្ត នាឱកាសបុណ្យទានម្តងៗ និងផ្តល់ទឹកសំរាប់ស្រោចស្រព ផលដំណាំផ្សេងៗបរិភោគជាដើម។ លោកបន្តថា កាលពីកន្លងមក ក្នុងខេត្តយើងបានជួបគ្រោះរីងស្ងួត ហើយកងកម្លាំងយើងបានមកដឹកទឹកអូរខាងលើនេះទៅចែកជូនប្រជាពលរដ្ឋជាច្រើនគ្រួសារផងដែរ។

ប្រជាពលរដ្ឋខាងលើបានប្រាប់ភ្នាក់ងារ Fresh News ថា អូរនេះមានប្រវែងជិត៣០០ម៉ែត្រ ទទឹង១០០ជាងម៉ែត្រ ឯណោះ ហើយអូរនេះវាបានផ្តល់ឲ្យពួកគាត់យ៉ាងច្រើន ព្រោះក្នុងភូមិគាត់ គ្មានអូរធំ និងផ្ទុកទឹកបានជាច្រើនម៉ែត្រគូបនោះទេ និងពពួកមច្ឆាចុះរុះជាច្រើនប្រភេទ។ ពួកគាត់បន្តថា កាលពីរដូវប្រាំងកន្លងមកនេះ គឺអូរនេះមានស្រក់ទឹកខ្លះ តែត្រូវបានអាជ្ញាធរស្រុក ខេត្ត ជាពិសេសនោះគឺលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានយកចិត្តដាក់អូរមួយនេះ និងជីកឲ្យមានជម្រៅជ្រៅជាងមុន ដែលមានជម្រៅ ៤ម៉ែត្រឯណោះ។ នាពេលនោះ ព្រះចៅអធិការវត្ត បានមានសង្ឃដីកា សូមសំណូមពរដល់ប្រជាពលរដ្ឋរស់នៅចំណុះជើងវត្តទាំងអស់ចូលរួមថែរក្សា អូរនេះឲ្យបានគង់វង្ស និងមិនត្រូវយកសំរាមចាក់ចូលអូរឡើយ និងមិនត្រូវនេសាទខុសច្បាប់ឡើយ ព្រោះសត្វមច្ឆាទាំងគឺចូលរួមអភិរក្សទាំងអស់គ្នា៕