(កណ្ដាល)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានជំរុញកងទ័ព នៃកងពលតូចឆត្រយោង៩១១ ត្រូវយកចិត្តទុកដាក់លើការហ្វឹកហ្វឺនជាប្រចាំ ដើម្បីបង្កើនសមត្ថភាពការការពារប្រទេសជាតិ។

ការជំរុញរបស់នាយឧត្តមសេនីយ៍ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ចុះជួបសំណេះសំណាល សួរសុខទុក្ខនាយទាហាន ពលទាហាន នៃអង្គភាពកងពលតូចទ័ពឆត្រយោងលេខ៩១១ ដែលមានមូលដ្ឋានឈរជើងនៅក្នុងភូមិសាស្រ្តឃុំកំបូល ស្រុកអង្គស្នួល។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ចាប ភក្តី នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោងលេខ៩១១ បានលើកឡើងថា ក្នុងស្មារតីទទួលខុសត្រូវលើភារកិច្ចស្នូល អង្គភាពបានបំពេញភារកិច្ចជាកងអន្តរាគមន៍ពិសេសត្រៀមប្រយុទ្ធ និងប្រ យុទ្ធការពារបូរណភាពទឹកដី ការពារសន្តិសុខ សុវត្ថិភាពសង្គម ទប់ស្កាត់ និងបង្ក្រាបរាល់អំពើភេរវកម្ម បទល្មើសនានា ដែលបង្កអស្ថេរ ភាពក្នុងសង្គម។

លោកឧត្តសេមនីយ៍ឯក បន្ថែមថា កងទ័ពទាំងអស់ បានយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺនមុខជំនាញ ជាពិសេសជំនាញទ័ពពិសេស ដើម្បីសម្រេចបានតាមផែនការហ្វឹកហ្វឺន ប្រែក្លាយកងកម្មង់ដូរ ជាកងកម្លាំងមួយមានសមត្ថភាពពេញលេញ ជារបងការពារជាតិមាតុភូមិ និងប្រជាជនដ៏រឹងមាំ។

នាយឧត្តមេសនីយ៍ គន់ គីម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ នាយទាហាន ពលទាហានទាំងអស់ ពិសេសថ្នាក់ដឹកនាំ នៃអង្គភាពឆត្រយោងលេខ៩១១ ដែលបានជម្នះពុះពារគ្រប់ឧបសគ្គ ដើម្បីឈានទៅសម្រេចភារកិច្ចរបស់ខ្លួន ស្របតាមគោលការណ៍ ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី និងបទបញ្ជារបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការបានប្រគល់ឲ្យ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ គន់ គីម បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំកងពលតូចទ័ពពិសេសឆត្រយោងលេខ៩១១ ត្រូវយកចិត្តទុក ដាក់ដល់ការងារហ្វឹកហ្វឺនឲ្យបានជាប្រចាំ ដើម្បីបង្កើនសមត្ថភាពនាយទាហាន ពលទាហាន ពិសេសភាពអង់ អាចក្លាហាន មានសមត្ថភាព ចំណេះដឹងជាមូលដ្ឋានត្រឹមត្រូវ និងមានកាយសម្បទាមាំមួន ហើយសកម្មភាពទាំងឡាយរបស់ទ័ពពិសេស បានសម្រេចកន្លងមកមិនត្រឹមតែ ដើម្បីពង្រឹងកងពលប៉ុណ្ណោះទេ តែក៏ជាការផ្តល់នូវយន្តការ នៃសកម្មភាព ដើម្បីលើកកម្ពស់កិត្តិយសរបស់កងយោធពលខេម រភូមិន្ទផងដែរ៕