(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានអំពាវនាវកងទ័ពបន្តពង្រឹងកិច្ចការការ ពារសន្តិភាពឲ្យបានកាន់តែរឹងមាំថែមទៀត ដើម្បីជួយរក្សានូវនិរន្តរភាព នៃការអភិវឌ្ឍសង្គមកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងអំពាវនាវបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយនាយទាហាន ពលទាហាន នៃអង្គភាពទីចាត់ការ ការងារព្រំដែនប្រមាណជិត៣០០នាក់នៅអគ្គបញ្ជាការដ្ឋាន នារសៀលថ្ងៃទី០៦តុលានេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា «ឱកាសដំបូងបំផុតសម្រាប់ការអភិវឌ្ឍសង្គមជាតិ គឺសន្តិភាព។ សន្តិភាពមានតម្លៃ ធំធេង ជាមរតកដ៏មហាសាលរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនយោបាយឈ្នះឈ្នះ ហើយដោយសារនយោបាយនេះហើយ ដែលធ្វើឲ្យកម្ពុជាក្លាយពីប្រទេសមួយ ដែលមានតំបន់ត្រួតត្រាច្រើន ក្លាយទៅជាប្រទេសមួយមាន តំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមថា «សន្តិភាពនៅកម្ពុជា រកបានមកដោយលំបាក។ សម្តេចតេជោ ហ៊ុន សែន រួមនិងឥស្សរជន ជាថ្នាក់ដឹកនាំនៅក្នុងជួរកងយោធពលខេមរភូមិន្ទ បានប្តូរជីវិតចូលទៅតំបន់ខ្មែរក្រហម ដើម្បីស្វែងរកការចចារ ផ្សះផ្សារបង្រួបបង្រួម ស្វែងរកសន្តិភាពតាមនយោបាយឈ្នះឈ្នះ ហើយឥឡូវនេះសន្តិភាពបានកើតមានពេញលិញទូទាំងផ្ទៃប្រទេស ប្រជាពលរដ្ឋធ្វើដំណើរ ទៅគ្រប់ទីកន្លែងដោយគ្មានការភ័យខ្លាច រួមនឹងសង្គមជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ។ ដូច្នេះអ្នកណាក៏ដោយដែលមានចេតនា ចង់បំផ្លាញសុខសន្តិភាព ស្ថេរភាសង្គមគឺមិនអនុញ្ញាតិដាច់ខាត»។  

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ បាននិងកំពុងបន្តសកម្មភាព ក្នុងការកសាងបណ្តុះគំនិត ស្មារតីស្រឡាញ់សន្តិភាព ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។

ឈរលើស្មារតីនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអំពាវនាវដល់នាយទាហាន ពលទាហានគ្រប់រូបខិតខំបន្តពង្រឹងការពារថែរក្សា សន្តិភាព និងលើកកម្ពស់ស្មារតីទទួលខុសត្រូវ ចំពោះជោគវាសនាប្រទេសជាតិ ពង្រឹងការឯកភាពជាតិ ជៀសវាងរាល់អំពើទាំងឡាយណា ដែលនាំឲ្យខ្មែរបែកបាក់ ដោយគោរពនូវវប្បធម៌អហឹង្សា និងរក្សាការពារបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម៕