(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ បានបន្ដទិញ​ផ្លែល្ពៅ ពីប្រជាកសិករដែលបានប្រមូលពីមូលដ្ឋាន ដឹកមកសាលាខេត្ត ប្រមាណ​១៥​តោន ក្នុងតម្លៃ​១២៥ដុល្លារ ក្នុងមួយតោន​។ ល្ពៅទាំងនេះ នឹងត្រូវ​បែងចែកបន្តទៅដល់សណ្ឋាគារ ភោជនីយដ្ឋាន សហគ្រាសឯកជន និងទីផ្សារធំៗ ក្នុងខេត្ត​សៀមរាប។

សូមបញ្ជាក់ថា កាលពេលថ្មីៗ កន្លងទៅនេះ លោក ឃឹម ប៊ុនសុង បានណែនាំឲ្យអាជ្ញាធរស្រុក ប្រមូលកម្លាំង ដើម្បីចុះជួយ ពលកម្មក្នុងការប្រមូលផលផ្លែល្ពៅ ដោយសារប្រជាកសិករ ពុំមានលទ្ធភាពចំណាយពលកម្មលើការប្រមូលផលដើម្បីយក មកកាន់ទីរួមស្រុកស្វាយលើ ដោយអាជីវករចាំទទួលទិញតម្លៃ ៤០០រៀល ក្នុងមួយគីឡូក្រាម ចំណែកផ្លែល្ពៅដែលនៅសល់ បានដឹកជញ្ជូនមកសាលាខេត្ត ដើម្បីខេត្តបែងចែកទៅដល់សណ្ឋាគារ ភោជនីយដ្ឋាន សហគ្រាសឯកជន និងទីផ្សារធំៗ ក្នុងខេត្ត ជួយទិញផលិតផលផ្លែល្ពៅតម្លៃ ៤០០​រៀល ក្នុងមួយគីឡូក្រាម តាមសំណូមពរប្រជាកសិករ ហើយដោយមាន ការគាំទ្រ ពីផ្នែកពាក់ព័ន្ធខាងលើ យើងបានឯកភាពគ្នា ទិញក្នុងតម្លៃ ៥០០រៀល ក្នុងមួយគីឡូក្រាម ពោលគឺ ១២៥ដុល្លារ ក្នុងមួយតោន​​៕