(ម៉ូស្គូ)​៖ អតីតទីភ្នាក់ងារស៊ើបការ សម្ងាត់អាមេរិក លោក Edward Snowden​ បានផ្ដល់យោបល់ឱ្យអ្នកប្រើប្រាស់ Yahoo !​ បិទគណនីរបស់ពួកគេឱ្យបាន ឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik​ នៅយប់ថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០១៦។

ការអំពាវនាវបែបនេះរបស់ លោក Edward Snowden ធ្វើឡើងនៅបន្ទាប់ពីសារព័ត៌មាន Reuters តាមរយៈអតីតបុគ្គលិក ក្រុមហ៊ុន Yahoo! ពីរនាក់ បានឱ្យដឹងថា ក្រុមហ៊ុនមួយនេះបានបង្កើត និងលួចតម្លើងដោយសម្ងាត់នូវ កម្មវិធីព័ត៌មានវិទ្យា មួយកាលពីឆ្នាំ២០១៥ ដើម្បីស៊ើបការសម្ងាត់លើសារអេឡិចត្រូនិច ឬ Email អតិថិជនរបស់ខ្លួនតាមការស្នើរសុំពីទីភ្នាក់ងារ សន្តិសុខជាតិអាមេរិក NSA និង FBI។

អតីតទីភ្នាក់ងារចារកិច្ច NSA រូបនេះលើកឡើងថា «តើអ្នកទំាងអស់គ្នាប្រើ Yahoo! មែនទេ? ពួកគេបានតាមដាន នូវរាល់អ្វី ដែលអ្នកបានសរសេរ ហើយវាគឺផ្ទុយទៅ នឹងច្បាប់ទំាងស្រុង ដូច្នេះពីថ្ងៃនេះតទៅអ្នកគួរតែបិទគណនី Yahoo! របស់អ្នក»

សូមជំរាបថា ក្រុមហ៊ុន Yahoo! ពុំទាន់ធ្វើអាត្ថាធិប្បាយឡើយជុំវិញបញ្ហានេះ ដោយគ្រាន់តែបញ្ជាក់ថា ខ្លួនគឺជាក្រុមហ៊ុនមួយ ដែលគោរពតាមច្បាប់សហរដ្ឋអាមេរិក៕