(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា បានផ្ដល់សិទ្ធិឲ្យសាកលវិទ្យាល័យមេគង្គកម្ពុជា បើកការបណ្ដុះបណ្ដាលមគ្គុទេសក៍ទេសចរណ៍ ថ្នាក់តំបន់ជំនាន់ទី១៦ សម្រាប់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ព្រមទាំងបានអនុញ្ញាតឲ្យមានការប្រឡងជ្រើសរើស បេក្ខជនចូលរៀនវគ្គបណ្ដុះបណ្ដាល លើឯកទេសភាសាចំនួន១០ រួមមាន៖ ភាសាចិន កូរ៉េ ជប៉ុន ថៃ វៀតណាម អង់គ្លេស បារាំង រុស្ស៊ី អាល្លឺម៉ង់ និងអេស្ប៉ាញ។

កម្មវិធីប្រឡងនេះធ្វើឡើងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ក្នុងសាកលវិទ្យាល័យមេគង្គកម្ពុជា ក្រោមវត្តមានលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការចម្រុះ ទទួលបន្ទុកការប្រឡងជ្រើសរើស និងបណ្ដុះបណ្ដាលមគ្គុទេសក៍ទេសចរណ៍ តំណាងឲ្យលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ក្រៅពីនេះ ក៏មានការចូលរួមពី លោក ទ្រី ឈីវ អគ្គនាយកដ្ឋានរងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការចម្រុះ, និងលោក បាន ថេរ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ​មេគង្គកម្ពុជា ព្រមទាំងមានការចូលរួមសង្កេតការណ៍ពី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ក្នុងឱកាសនោះ លោក ប៉ាក់ សុខុម បានឲ្យដឹងថា ការប្រឡងជ្រើសរើសនេះ ត្រូវបានរៀបចំដោយគណៈកម្មការចម្រុះ ដែលមានសមាសភាពពី ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យមេគង្គកម្ពុជា ជាពិសេសមានការចូលរួមអង្កេតការណ៍លើដំណើរការប្រឡង តាំងពីដើមរហូតដល់ចប់ ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធានាបាននូវគុណភាព តម្លាភាព យុត្តិធម៌ និងស្របតាមយន្តការ និងនីតិវិធីនៃការប្រឡងជ្រើសរើសរបស់ក្រសួងទេសចរណ៍ ដែលបានដាក់ចេញឱ្យប្រើប្រាស់។

សូមបញ្ជាក់ថា វិញ្ញាសាប្រឡងត្រូវបានបែងចែកជា២ រួមមានវិញ្ញាសាវប្បធម៌ទូទៅ និងវិញ្ញាសាសរសេរភាសាឯកទេសនានា។ វិញ្ញាសាទាំង២ប្រភេទនេះ ត្រូវបានទុកក្នុងកញ្ចប់ផ្សេងៗគ្នា ដោយបានរៀបចំជា៣ជម្រើស ផ្សេងៗពីគ្នា ហើយតម្រូវឲ្យបេក្ខជនប្រឡង១រូប ឡើងមកចាប់យកវិញ្ញាសាមួយ ក្នុងចំណោមវិញ្ញាសា ទាំង៣ជម្រើស ខាងលើ ដែលគណៈកម្មការបានរៀបចំ (ចាប់ដោយចៃដន្យ) សម្រាប់ធ្វើការប្រឡង។

ជាមួយគ្នានេះ សាកលវិទ្យាល័យមេគង្គកម្ពុជា ក៏បានដាក់ចេញនូវបទប្បញ្ញត្តិនានា ស្ដីពី ការគ្រប់គ្រងលើដំណើរការនៃការប្រឡង និងសម្រាប់បេក្ខជនប្រឡង ដែលធ្វើឱ្យការប្រឡង ប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានលទ្ធផលខ្ពស់។

ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលរយៈពេល ៤ខែ និងការចុះកម្មសិក្សារយៈពេល ២ខែ នៅតាមបណ្ដាក្រុមហ៊ុនទេសចរណ៍នានា សិក្ខាកាមអាចដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណមគ្គុទេសក៍ទេសចរណ៍ថ្នាក់តំបន់ ទៅតាមបទប្បញ្ញត្តិដែលបានចែង នៅក្នុងប្រកាសស្ដីពី ការផ្ដល់អាជ្ញាប័ណ្ណដល់មគ្គុទេសក៍ទេសចរណ៍ថ្នាក់តំបន់ របស់ក្រសួងទេសចរណ៍ លេខ ១៥៣ ប្រក ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ ផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅ លោករដ្ឋមន្រ្តី ថោង ខុន ក៏បានបញ្ជាក់ពីទិសដៅសំខាន់មួយថា ក្រសួងទេសចរណ៍ត្រូវការមគ្គុទេសក៍ទេសចរណ៍ ដែលជាអ្នកបកប្រែភាសា និងនាំភ្ញៀវបរទេសចំនួន១ម៉ឺននាក់ នាឆ្នាំ២០២០ខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកំណើនភ្ញៀវទេសចរជាក់ស្ដែង ខណៈបច្ចុប្បន្ន កម្ពុជាមានមគ្គុទេសក៍ទេសចរណ៍មានចំនួន៤ពាន់នាក់ហើយ៕