(សេអ៊ូល)៖ ក្រសួងសុវត្ថិភាព និងសន្តិសុខសាធារណៈ កូរ៉េខាងត្បូង បានឲ្យដឹងថា ព្យុះភ្លៀង ដ៏ខ្លាំងក្លាបានវាយលុកទៅលើកោះទេសចរណ៍ Jeju ដែលស្ថិតនៅភាគខាងត្បូងនៃ ប្រទេស កូរ៉េខាងត្បូង ក៏ដូចជានៅតាមទីក្រុងធំៗមួយចំនួនទៀតនៅថ្ងៃពុធនេះ ខណៈព្យុះទីហ្វុង Chaba បានធ្វើដំណើរមកដល់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នារសៀលថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦។

មកទល់រសៀលថ្ងៃពុធនេះ មនុស្សចំនួនប្រាំនាក់ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត រួមជាមួយនឹង មនុស្សម្នាក់ផ្សេងទៀត បាត់ខ្លួនក្នុងតំបន់មួយកន្លែង នៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង ដែលបានទទួលរងការវាយប្រហារដោយព្យុះទីហ្វុង Chaba ខណៈមន្រ្តីមួយរូបមកពីក្រុមហ៊ុនផ្គត់ផ្គង់ ថាមពលអគ្គីសនីកូរ៉េ KEPCO បានរាយការណ៍ថា លំនៅឋានប្រមាណ ២១០,០០០ខ្នង បានដាច់ចរន្តអគ្គិសនី។

ជាមួយគ្នានេះដែរ ក្រសួងខាងលើបានឲ្យដឹងថា ជើងហោះហើរចំនួន១១០ នៅទូទាំងប្រទេសត្រូវបាន លុបចោល ហើយច្រកធ្វើពាណិជ្ជកម្មតាមសមុទ្រជាតិនិងអន្តរជាតិធំៗ ក៏ត្រូវបានបិទជាបណ្តោះអាសន្ន ផងដែរ។ គួរបញ្ជាក់ដែរថា ព្យុះទីហ្វុង Chaba ដែលកំពុងតែបង្កើនល្បឿនខ្យល់ដល់ ៥៦.៥ម៉ែត្រ ក្នុងមួយវិនាទី នៅតាមតំបន់មួយចំនួន ត្រូវបានគេរំពឹងថានឹងធ្វើដំណើរសំដៅទៅកាន់ប្រទេស ជប៉ុនក្នុងពេលឆាប់ៗនេះ៕