(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Yahoo! បានបង្កើត និង លួចតម្លើងដោយសម្ងាត់នូវកម្មវិធីព័ត៌មានវិទ្យា មួយកាលពីឆ្នាំ២០១៥ ដើម្បីស៊ើបការណ៍សម្ងាត់លើ សារអេឡិចត្រូនិចឬ Email អតិថិជនរបស់ខ្លួន តាមការស្នើសុំពីទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA​ និង ក្រុមស៊ើបអង្កេតសហព័ន្ធ FBI។ នេះបើ យោងតាមការបង្ហើបឲ្យដឹងដោយ អតីតបុគ្គលិកពីរនាក់របស់ក្រុមហ៊ុន Yahoo!​ ដែលចុះផ្សាយដោយសារព័ត៌មាន Euronews ​នៅរសៀលថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦។

ប្រភពដដែលបានប្រាប់សារព័ត៌មាន Reuters​ ថាក្រុមហ៊ុន Yahoo!​ បាន យល់ព្រមទទួលយក សំណើរបស់អាជ្ញាធរអាមេរិក ក្នុងការស្កែន Email រាប់រយលាននៃអតិថិជនរបស់ខ្លួន។ ប៉ុន្តែស្របពេល ជាមួយគ្នា អតីតបុគ្គលិក Yahoo!ទាំងពីរនាក់នេះ មិនបានបញ្ជាក់ថា តើទិន្នន័យ ឬពាក្យសម្ងាត់អ្វី ដែល​អាជ្ញាធរអាមេរិកចង់ បាននោះឡើយ។ ចំណែកឯ ក្រុមហ៊ុន Yahoo​​ បានបដិសេធឆ្លើយសំណួរ អ្នកសារព័ត៌មានហើយអះអាងថា ខ្លួនគឺជាក្រុមហ៊ុនមួយដែលគោរពតាមច្បាប់សហរដ្ឋអាមេរិក៕