(ម៉ិកស៊ិក)៖ ប្រធានាធិបតីម៉ិចស៊ិកូលោក Enrique Pena Nieto បានធ្វើការប្រកាសនិងដាក់បង្ហាញជា សាធារណៈ នូវយានជំនិះខ្សែកាបធុនធំដំបូងគេ នៅក្នុងប្រទេសម៉ិចស៊ិកូ ដែលនឹងត្រូវប្រើប្រាស់ សម្រាប់ជួយសម្រួលដល់ការកកស្ទះចរចារណ៍ នៅក្នុងទីក្រុង Ecatepec ដែលមានប្រជាជនរស់នៅ ច្រើនកកកុញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦។

យានជំនិះខ្សែកាបខាងលើ ដែលមានឈ្មោះថា «Mexicable» ហើយត្រូវបានរចនាឡើង ដើម្បីដឹកជញ្ជូនអ្នកដំណើរប្រមាណ ២៩,០០០នាក់ ក្នុងមួយថ្ងៃនោះ នឹងត្រូវដាក់ឲ្យធ្វើចរាចរណ៍ នៅសង្កាត់ La Canada ក្នុងទីក្រុង Ecatepec ភាគកណ្តាលប្រទេសម៉ិកស៊ិក។ ទន្ទឹមគ្នានេះដែរ មធ្យោបាយថ្មីនេះ នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរជាងពាក់កណ្តាល ដែលវានឹងលឿនជាង ការធ្វើដំណើរដោយរថយន្តក្រុងទៅទៀត។

លោកប្រធានាធិបតី Pena Nieto បានបញ្ជាក់ថា «យានជំនិះខ្សែកាបធុនធំនេះ នឹងចូលរួមចំណែក ក្នុងការធ្វើឲ្យវិស័យដឹកជញ្ជូននៅក្នុងប្រទេសម៉ិកស៊ិក មានប្រសិទ្ធភាព សុវត្ថិភាព និងរហ័សជាងមុន»

គួរបញ្ជាក់ដែរថា សំបុត្រធ្វើដំណើរសម្រាប់យានជំនិះខ្សែកាប Mexicable ដែលត្រូវបានផលិតឡើង ដោយប្រើទុនវិនិយោគប្រមាណ ១.៧ពាន់លានប៉េសូ ដែលស្មើនឹងទឹកប្រាក់៨៨លានដុល្លារអាមេរិក នឹងមានតម្លៃទាបជាងសំបុត្ររថយន្តក្រុង ដោយការធ្វើដំណើរតាមយានជំនិះខ្សែកាប ចំណាយត្រឹម ៦ ប៉េសូ (១,៣០០រៀលលុយខ្មែរ) ខណៈការធ្វើដំណើរតាមរថយន្តក្រុងត្រូវចំណាយ ៨ប៉េសូ (១,៧០០រៀល)៕