(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកភ្នំក្រវាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កំពុងយកថ្នាំញៀនទៅឲ្យទណ្ឌិតម្នាក់ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចលើស្ពានដែក ឆ្លងស្ទឹងភ្នំក្រវាញ ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ក្នុងនោះសមត្ថកិច្ចដកហូតបានថ្នាំ៧កញ្ចប់ និងម៉ូតូ១គ្រឿង។

លោកវរសេនីយ៍ទោ វង សាវេត អធិការស្រុកភ្នំក្រវាញ ដែលបានដឹកនាំប្រតិបត្តិការនេះ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះ ហុក សារ៉ាន់ អាយុ២៤ឆ្នាំ រស់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយបានឃាត់ខ្លួននេះ ខណៈដែលជនសង្ស័យជិះម៉ូតូយកថ្នាំញៀនទៅឲ្យ ទណ្ឌិតម្នាក់ឈ្មោះ ខែម កុសល ហៅឡុង អាយុ៣៩ឆ្នាំ។

លោកអធិការ បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន ថ្នាំញៀនប្រភេទម្សៅពណ៌ស ៧កញ្ចប់ ម៉ូតូ១គ្រឿង ម៉ាក SL ពាក់ស្លាកលេខភ្នំពេញ1AQ-9581។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕