(ពោធិ៍សាត់)៖ ក្រោយពីទទួលបានការផ្សព្វផ្សាយទូលំទូលាយពាក់ព័ន្ធផ្លូវច្បាប់ និងគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព» រួចមក ប្រជាពលរដ្ឋនៅស្រុកវាលវែង បានយកអាវុធកែច្នៃឆ្នុកចំនួន ៤ដើម ដែលគាត់បានប្រទះឃើញនៅក្នុងព្រៃ ពេលដែលពួកគាត់ចូល ទៅរកអុស នៅចំណុចសំណាកតាទៀង ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើ២ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកប្រគល់ជូនកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍ក្រពើ២ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ។

លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា ពលរដ្ឋដែលបានប្រគល់អាវុធ កែច្នៃឆ្នុកចំនួន ៤ដើម មកឲ្យសមត្ថកិច្ចដោយខ្លួនឯងនោះ មានឈ្មោះ ម៉ា ចាន់ថា អាយុ៥២ឆ្នាំ, ផូ វណ្ណី អាយុ២៥ឆ្នាំ, អ៊ុ សុភក្ត្រ អាយុ៣៤ឆ្នាំ និងឈ្មោះ សេង សាវឿង អាយុ៥០ឆ្នាំ។ ពលរដ្ឋទាំង៤នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកអធិការបានបន្តថា ការដែលប្រជាពលរដ្ឋប្រគល់អាវុធទាំងនេះ ធ្វើឡើងក្រោយពីពួកគាត់បានយល់ច្បាស់អំពីច្បាប់ និងចូលរួមអនុវត្តន៍គោលនយោបាយ ភូមិឃុំសុវត្ថិភាព ព្រោះថាការរក្សាទុកអាវុធ គឺជាអំពើខុសច្បាប់ ប្រសិនបើសមត្ថកិច្ចរកឃើញ និងត្រូវទទួលទោសតាមផ្លូវច្បាប់៕