(​វ៉ាស៊ីនតោន)៖ ថ្ងៃទី០៥ ខែ តុលា ឆ្នាំ២០១៦ នេះ គឺជាខួបទី ០៥ឆ្នាំ នៃមរណៈភាពរបស់បិតាស្ថាបនិក ក្រុមហ៊ុន Apple​ លោក Steve Jobs​​ ហើយថ្វីត្បិតតែគ្មានបុរសម្នាក់នេះ ក៏ក្រុមហ៊ុន Apple​ ​នៅតែខ្លាំង និង រឹងមំាដដែល ក៏ប៉ុន្តែការសង្ស័យនៅតែមាន ចំពោះអានាគតរបស់ក្រុមហ៊ុនម៉ាកសញ្ញាផ្លែប៉ោមកញ្ឆែប ខណៈទីផ្សារប្រកួតប្រជែងនៅលើពិភពលោករឹតតែខ្លាំងក្លា។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មានបារំាង Express នៅព្រឹកថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦។

កាលពីចុងខែកញ្ញា ឆ្នាំ២០១៥ ប្រាក់ចំណេញដុលរបស់ក្រុមហ៊ុន Apple​​ បានកើនឡើងដល់ ៥៣ពាន់លានដុលា្លរ ជាមួយនឹងប្រាក់ចំណូលសរុបជាង ២៣៤ពាន់លានដុល្លារ ដែលតួលេខនេះ បានកើនឡើងទ្វេដងចាប់តំាងពីលោក  Steve Jobs​​ ទទួលមរណៈភាពដោយសារជំងឺមហារីកលំពែង ​​​នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១។

ទោះជាយ៉ាងណាក៏ដោយ អវត្តមានរបស់លោក Steve Jobs​ បានបង្កជាការសង្ស័យដែលនៅតែ កើតមានឡើង ចំពោះអានាគតក្រុមហ៊ុ​ន Apple និងនាយកប្រតិបត្តិលោក Tim Cook។ តួរយ៉ាង អ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន Jackdaw Research លោក Jan Dawson បាននិយាយថា លោក Tim Cook ត្រូវបានទទួលស្វាគមន៍ពេលលោកមកគ្រប់គ្រងក្រុមហ៊ុន Apple​ ក៏ប៉ុន្តែគ្មាននរណាម្នាក់ មើលឃើញថាគាត់ដូចលោក Steve Jobs​ ​នោះទេ។

អ្នកជំនាញរូបនេះបន្ថែមថា លោក Cook គឺជាអ្នកទទួលខុសត្រូវលើផ្នែកប្រតិបត្តិការ ហើយនេះពិតជា ល្អសម្រាប់បណ្ដាញអ្នកផ្គត់ផ្គង់ក្នុងការផលិត។ គាត់ស្គាល់ពីសមត្ថភាពរបស់ខ្លួនឯង និង ក៏ដឹងថាលោកមិនមែនជាលោក Steve Jobs​ នោះដែរ។

គួរបញ្ជាក់ថា លោក Steve Jobs ​កើតនៅថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ១៩៥៥ នៅក្នុងទីក្រុង សាន់ហ្រា្វន់ស៊ីស្កូ នៃរដ្ឋកាលីហ្វរញ៉ា ហើយលោកបានបង្កើតក្រុមហ៊ុន Apple​ នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៦ និង បានទទួល មរណៈភាពដោយសារជំងឺមហារីកលំពែង ​​​នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១១៕