(ភ្នំពេញ)៖ វេលាម៉ោង៩៖០០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅសាលាកំបូល កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាល មន្ត្រីនគរបាលយុត្តិធម៌ ជំនាន់ទី២២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុក គឹមសិទ្ធ អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល លោក វរសេនីយ៍ទោ មីកាអ៊ែល ហ្គីយៀម ទីប្រឹក្សាបារាំងអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង នាយកសាលា លោក នាយការិយាល័យ នាយអាវុធហត្ថ សិក្ខាកាមជាច្រើនរូបអញ្ជើញចូលរួមផងដែរ។

លោកឧត្តមសេនីយ៍ទោ អឿ សាវ៉ន នាយកសាលាកំបូល បានធ្វើសេចក្តីរាយការណ៍ដល់អង្គពិធីឱ្យដឹងថា កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះ មានរយៈពេលសរុបចំនួន៥ខែ ដោយចាប់ផ្តើមពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ក្នុងនោះមានខ្លឹមសារមេរៀនដូចតទៅ៖ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមសីលធម៌សម្រាប់មន្ត្រីអនុវត្តច្បាប់ ការស្រាវជ្រាវរកបទល្មើស ប៉ូលិសបច្ចេកទេសវិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម ចំណេះដឹងកងរាជអាវុធហត្ថ អប់រំចិត្តសាស្ត្រនយោបាយ ទស្សនកិច្ចសិក្សា និងចូលរួមស្តាប់សវនការ។

សូមបញ្ជាក់ថា សិក្ខាកាមដែលមកសិក្សានេះ គឺមកពីបណ្តាអង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានី ខេត្ត និងសាលាកំបូល ហើយត្រូវបានប្រឡងវាស់ស្ទង់សមត្ថភាព មុននឹងចូលរៀនសូត្រ។ សិក្ខាកាមដែលប្រឡងជាប់មានចំនួន៨៣នាក់ ក្នុងចំណោម១១៧នាក់។

កងរាជអាវុធហត្ថគឺជាផ្នែកមួយ នៃកងយោធពលខេមរភូមិន្ទ មានតួនាទីរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយផ្សេងៗ។ យោងអនុក្រឹត្យលេខ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពីភារកិច្ច រចនាសម្ពន្ធទូទៅរបស់កងរាជអាវុធហត្ថ ក្នុងមាត្រា៤ ចែងអំពីភារកិច្ចរបស់កងរាជអាវុធហត្ថសំខាន់ៗ៖ រ៉ាប់រងសកម្មភាពប៉ូលិសរដ្ឋបាល ប៉ូលិសតុលាការ រ៉ាប់រងសកម្មភាពពិសេសខាងយោធា និងផ្តល់កម្លាំងជួយក្រសួង ស្ថាប័ននានាតាមការស្នើសុំចាំបាច់៕