Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៊ី បញ្ជូនប្រព័ន្ធមីស៊ីល S-300 ដ៏មានអនុភាពទៅកាន់កំពង់ផែ Tartus របស់ស៊ីរី ខណៈភាពតានតឹងជាមួយអាមេរិក កំពុងកើនឡើង

05-10-2016 09:30

(អាឡេប៉ូ)៖ រុស្ស៊ីបានអះអាងថា ខ្លួនបានបញ្ជូនប្រព័ន្ធមីស៊ីលប្រឆាំងនឹង យន្តហោះចម្បាំងដ៏ទំនើប មួយគ្រឿងទៅកាន់កំពង់ផែ Tartus របស់ប្រទេសស៊ីរី ខណៈភាពតានតឹងជាមួយនឹងសហរដ្ឋអាមេរិក កាន់កើនឡើង ដោយការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានផ្អាកកិច្ចចរចា ស្តីពីបទឈប់បាញ់នៅស៊ីរីជាមួយនឹងទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦។

រុស្ស៊ីបានធ្វើការច្រានចោលការចោទប្រកាន់ថា ខ្លួនបានទម្លាក់គ្រាប់បែកដោយគ្មានយោគយល់ ទៅលើមន្ទីរពេទ្យមួយចំនួន នៅក្នុងការប៉ះទង្គិចគ្នាដ៏តានតឹងមួយ រវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងពួកឧទាម នៅភាគខាងកើតនៃទីក្រុងអាឡេប៉ូ ហើយបានអះអាងទៀតថា ខ្លួនបានបញ្ជូនប្រព័ន្ធ មីស៊ីលការពារអាកាស S-300 មួយគ្រឿង ទៅកាន់កំពង់ផែ Tartus ដែលស្ថិតនៅលើឆ្នេរសមុទ្រ មេឌីទែរ៉ាណេ ថែមទៀតផង។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានថ្លែងថា «S-300 គឺប្រព័ន្ធសម្រាប់ការពារសុទ្ធសាធ និងមិនបង្កជាការគំរាមកំហែង​ ដល់នរណាម្នាក់នោះឡើយ ហើយខ្ញុំមិនយល់សោះថា ហេតុអ្វីបានជាការដាក់ប្រព័ន្ធមីស៊ីលការពារអាកាស S-300 នេះនៅក្នុងប្រទេសស៊ីរី បានធ្វើឲ្យបណ្តាប្រទេសលោកខាងលិច មានការព្រួយបារម្ភ»

គួរបញ្ជាក់ដែរថា រុស្ស៊ីមិនមានតែមូលដ្ឋានទ័ពជើងទឹក នៅកំពង់ផែ Tartus ប៉ុណ្ណោះទេ ដោយប្រទេស មហាអំណាចមួយនេះ ក៏មានមូលដ្ឋានទ័ពអាកាសនៅក្រៅទីក្រុង Latakia របស់ប្រទេសស៊ីរីផងដែរ ដែលបច្ចុប្បន្នជាកន្លែងសម្រាប់ផ្ទុកយន្តហោះចម្បាំងរបស់រុស្ស៊ី ដែលត្រូវបានប្រើប្រាស់ក្នុងយុទ្ធនាការ ទម្លាក់គ្រាប់បែក ដើម្បីជួយជាកម្លាំងយោធាដល់ ប្រធានាធិបតីស៊ីរីលោក Assad។

បន្ថែមពីនេះទៀត មន្រ្តីយោធារុស្ស៊ីមួយរូបក៏បានឲ្យដឹងដែរថាទីក្រុងមូស្គូ បានរៀបចំគំរោងក្នុងការ ពង្រីកមូលដ្ឋានទ័ពអាកាស Hmeimin នៅក្នុងប្រទេសស៊ីរី ដែលមានប្រព័ន្ធមីស៊ីលការពារអាកាស S-400 ស្រាប់ហើយនោះ ឲ្យក្លាយទៅជាទីតាំងយោធាអចិន្រ្តៃយ៍ទៀតផង៕