(អាមេរិក)៖ មូលនិធិរបស់លោក Donald Trump (The Donald J. Trump Foundation) ជាមូលនីធិសប្បុរសធម៌ ដែលមានមូលដ្ឋានក្នុងទីក្រុង ញ៉ូវយក ដោយមានលោក Donald Trumpផ្ទាល់ ដែលជាបេក្ខជនប្រធានាធិបតី អាមេរិកជាស្ថាបនិក។

បន្ទាប់ពីសេចក្តីរាយការណ៍ថ្មីៗនេះបានឲ្យដឹងថា លោក Donald Trump មិនអាចសម្រេចបានតាមកិច្ចសន្យាក្នុងការផ្តល់ប្រាក់ឧបត្តម្ភប្រាក់១លានដុល្លារ ដល់មូលនិធិទាហានជើងចាស់បាននោះ សារព័ត៌មាន Washington Post បានចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើមូលនីធិមួយនេះ ព្រមទាំងរកឃើញនូវបញ្ជីជាច្រើនបង្ហាញថា មូលនីធិនេះអាចមានពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួន ការគេចពន្ធ និងការប្រើប្រាស់ប្រាក់មូលនីធិមិនសមស្រប។

នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ អគ្គរដ្ឋអាជ្ញាប្រចាំទីក្រុងញ៉ូវយកបានចេញសេចក្តីប្រកាស ថាមូលនិធិរបស់លោក Donald Trump បានបំពានទៅលើច្បាប់ទីក្រុងញ៉ូវយក ពាក់ព័ន្ធនឹងសកម្មភាពសប្បុរសធម៌ ព្រមទាំងចេញដីកាឲ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។

* ប្រវត្តិនៃការបង្កើតមូលនីធិ៖
លោក Donald Trump បានបង្កើតមូលនិធិ The Donald J. Trump Foundation នេះតាំងពីឆ្នាំ១៩៨៨មកម្ល៉េះ។ បច្ចុប្បន្នបេក្ខជនប្រធានាធិបតីរូបនេះ នៅតែបន្តជាប្រធានរបស់មូលនីធិ ដែលពុំមានការិយាល័យដាច់ដោយឡែកណាមួយនោះឡើយ ដោយវាត្រូវបានគេដំណើរការនៅការិយាល័យជំនួញ របស់លោកក្នុងទីក្រុងញ៉ូវយកផ្ទាល់តែម្តង។

* រចនាសម្ព័ន្ធ និងប្រតិបត្តិការ៖
មូលនីធិលោក Donald Trump ត្រូវបានចុះក្នុងបញ្ជីក្នុងទីក្រុងញ៉ូវយកថាជាស្ថាប័នដែលមិនស្វែងរកប្រាក់ចំណូល។ ចាប់ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ២០០៧ មូលនីធិនេះទទួលបានការឧបត្ថម្ភរួមគ្នា ពីសំណាក់លោក Trump ផ្ទាល់ និងប្រភពផ្សេងទៀត។ រហូតដល់ឆ្នាំ២០០៨ លោក Trump បានផ្តល់ប្រាក់ ដល់មូលនីធិនេះចំនួន៥,៤លានដុល្លារអាមេរិក។ តែចាប់តាំងពីឆ្នាំ២០០៨មក ម្ចាស់មូលនីធិរូបនេះមិនធ្លាប់ផ្តល់កាដូអ្វីជាលក្ខណៈឯកជនដល់មូលនីធិឡើយ ដោយពឹងផ្អែកតែម្យ៉ាងទៅលើប្រាក់ឧបត្ថម្ភពីខាងក្រៅ គឺពីសំណាក់អ្នកដែលធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយលោកប៉ុណ្ណោះ។

ដៃគូឧបត្ថម្ភធំបំផុតពីឆ្នាំ២០០៤ដល់ឆ្នាំ២០១៤ គឺលោក Vince McMahon និងលោកស្រី Linda McMahon ដែលបានឧបត្ថម្ភប្រាក់ចំនួន៥លានដុល្លារ។
អ្នកជំនាញមួយចំនួនបានគូសបញ្ជាក់ពីភាពមិនប្រក្រតីគួរឲ្យសង្ស័យខ្លះៗពីមូលនីធិនេះ។ សូមជម្រាបថា មូលនីធិរបស់លោក Trump គ្មានការចំណាយប្រាក់ខែលើបុគ្គលិកឡើយ។

* ដីកាបញ្ជាឲ្យបញ្ឈប់សកម្មភាពរៃអង្គាសប្រាក់៖
ក្នុងដើមទសវត្សរ៍ឆ្នាំ២០០០ មូលនីធិនេះ បានចាប់ផ្តើមប្រមូលរៃអង្គាសប្រាក់ពីខាងក្រៅ។ យ៉ាងនេះក្តី ស្ថាប័ននេះមិនធ្លាប់បានដាក់ ឬទទួលបានសិទ្ធក្នុងការប្រមូលមូលនីធិក្នុងទីក្រុងញ៉ូវយកឡើយ។ ប្រភពព័ត៌មានបានបង្ហាញថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ជារៀងរាល់ឆ្នាំ មូលនីធិនេះរៃអង្គាសប្រាក់បានជាង២៥.០០០ដុល្លារអាមេរិកពីខាងក្រៅ ដោយគ្មានការចុះបញ្ជីរច្បាស់លាស់ឡើយ។
របាយការណ៍បានបង្ហាញថា ប្រាក់ទាំងនោះប្រមូលបានខ្លះពីម្ចាស់ឧបត្ថម្ភក្នុងទីក្រុងញ៉ូវយក។ ដោយសារគ្មានការចុះបញ្ជីត្រឹមត្រូវ ជាហេតុផលជម្រុញឲ្យមូលនីធិនេះ គេចវេសពីការទាមទាររបស់រដ្ឋបាលក្នុងញ៉ូវយកក្នុងការត្រួតពិនិត្យបញ្ជី។ លោកTrump ក៏ត្រូវបានគេទាមទារឲ្យបង្វិលប្រាក់ទាំងនោះត្រឡប់ទៅវិញផងដែរ។
ក្នុងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ អគ្គរដ្ឋអាជ្ញាប្រចាំទីក្រុង ញ៉ូវយក បានគូសបញ្ជាក់ពីការបំពានច្បាប់របស់មូលនីធិនេះ ព្រមទាំងបានចេញបញ្ជាឲ្យបញ្ឈប់នូវសកម្មភាពនេះជាបន្ទាន់។ ការិយាល័យ AG បានរកឃើញថា មូលនីធិTrump ក៏បានបំពានច្បាប់ដោយរៃអង្គាសប្រាក់ពីម្ចាស់ឧបត្ថម្ភនៅខាងក្រៅរដ្ឋដោយគ្មានការចុះបញ្ជីច្បាស់លាស់ផងដែរ។

សូមជម្រាបថា តាមច្បាប់ប្រចាំទីក្រុងញ៉ូវយកបានទាមទារឲ្យមូលនីធិមិនស្វែងរកប្រាក់ចំណូល ដែលរៃអង្គាសប្រាក់បានច្រើនជាង២៥.០០០ដុលា្លក្នុងមួយឆ្នាំ ក្នុងទីក្រុងញ៉ូវយក ត្រូវចុះបញ្ជីរ ព្រមទាំងផ្តល់ឲ្យមានការត្រួតពិនិត្យហិរញ្ញវត្ថុ និងធ្វើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទៅការិយាល័យសប្បុរសធម៌ របស់អគ្គរដ្ឋអាជ្ញា។ ជាអកុសលមូលនីធិTrump មិនបានបំពេញតាមការតម្រូវនេះឡើយ។

* សកម្មភាពស្របច្បាប់ និងរឿងវិវាទផ្សេងៗក្នុងប្រតិបត្តិការមូលនិធិ៖
តាមរបាយការណ៍បានបង្ហាញថា កន្លងមកមូលនីធីរបស់លោក Trump បានធ្វើសកម្មភាពខុសប្រក្រតីជាច្រើន ដែលក្នុងនោះមានដូចជា៖
• ប្រើប្រាស់ប្រាក់មូលនីធិដោះស្រាយជម្លោះឯកជននៅទីក្រុងឆ្នេរ Palm រដ្ឋFlorida
• ប្រើប្រាស់ប្រាក់មូលនីធិដើម្បីដោះស្រាយជម្លោះឯកជនពាក់ព័ន្ធនឹងការវាយកូនហ្គោល
• បង្វិលប្រាក់ចំណូលពីអង្គការរបស់លោក Trumpផ្ទាល់ទៅជាប្រាក់មូលនីធិ ដើម្បីបញ្ចៀសកាតព្វកិច្ចបង់ពន្ធចំណូលផ្ទាល់ខ្លួន
• ទិញរូបសំណាក់របស់លោកផ្ទាល់ដោយប្រើប្រាក់ប្រាក់មូលនីធិ
• ដេញថ្លៃទិញមួកការពារដើម្បីសកម្មភាពសប្បុរសធម៌ដោយប្រើប្រាស់ប្រាក់មូលនីធិ
• ប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួនឧបត្ថម្ភទៅកាន់មូលនីធិប៉ូលីសនៅឆ្នេរPalm ដើម្បីជាថ្នូរទាញយកប្រយោជន៍ផ្ទាល់ខ្លួន
• ឧបត្ថម្ភដល់យុទ្ធការឃោសនាបោះឆ្នោតអគ្គរដ្ឋអាជ្ញាគឺលោកស្រី Bondi ខណៈដែលមានការស៊ើបអង្កេតទៅលើសកលវិទ្យាល័យរបស់លោក Trump
• ប្រើប្រាស់ប្រាក់មូលនីធិទៅផ្សព្វផ្សាយពីអង្គការTrump Organization
• ឧបត្ថម្ភដល់មូលនីធិ Citizen United Fundation ខណៈដែលលោកមានជាប់ពាក់ព័ន្ធនឹងពាក្យបណ្តឹងទៅលើអគ្គរដ្ឋអាជ្ញាប្រចាំទីក្រុងញ៉ូវយក
• ប្រកាសថាប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួនធ្វើសកម្មភាពមនុស្សធម៌ តែការពិតជាប្រាក់របស់មូលនីធិមួយភាគធំ
• ពន្យាពេលក្នុងការចូលរួមសកម្មភាពសប្បុរសធម៌សម្រាប់អង្គការយោធាវ័យចំណាស់

*បញ្ជីប្រាក់ដែលមូលនីធិបានផ្តល់ឲ្យ៖
ទន្ទឹមនឹងមានរឿងអាស្រូវជាច្រើន មូលនិធិ Trump ក៏បានធ្វើសកម្មភាពមនុស្សធម៌ជាច្រើនផងដែរ ដែលខាងក្រោមនេះជាបញ្ជីប្រាក់ឧបត្ថម្ភ ទៅស្ថាប័នផ្សេងៗក្នុងនោះមានដូចជា៖

បញ្ជីប្រាក់ឧបត្ថម្ភដល់ស្ថាប័នផ្សេងៗក្នុងឆ្នាំ២០០៦៖
• United Way ទឹកប្រាក់២៥០ពាន់ដុល្លារ
• Operation Smile ទឹកប្រាក់១១៧ពាន់ដុល្លារ
• Dana Farber Cancer Institute ទឹកប្រាក់៦០ពាន់ដុល្លារ
• Police Athletic League ទឹកប្រាក់៦០ពាន់ដុល្លារ
• Intrepid Museum Foundation ទឹកប្រាក់៥០ពាន់ដុល្លារ
• Visiting Nurse and Hospice Care ទឹកប្រាក់២៥ពាន់ដុល្លារ
• Metropolitan Museum of Art ទឹកប្រាក់១៥ពាន់ដុល្លារ

បញ្ជីប្រាក់ឧបត្ថម្ភដល់ស្ថាប័នផ្សេងៗក្នុងឆ្នាំ២០០៧៖
• Police Athletic League of New York ទឹកប្រាក់១១០ពាន់ដុល្លារ
• Fisher House Foundation ទឹកប្រាក់១០០ពាន់ដុល្លារ
• New York-Presbyterian Hospital ទឹកប្រាក់១០០ពាន់ដុល្លារ
• Metropolitan Golf Association Foundation ទឹកប្រាក់៥០ពាន់ដុល្លារ
• Dana Farber Cancer Institute ទឹកប្រាក់២៥ពាន់ដុល្លារ
• Disabled Veterans LIFE Memorial Foundation ទឹកប្រាក់២៥ពាន់ដុល្លារ
• Joe Torre Safe at Home Foundation ទឹកប្រាក់២៥ពាន់ដុល្លារ
• New York City Police Foundation ទឹកប្រាក់២៥ពាន់ដុល្លារ
• Palm Beach Police Department ទឹកប្រាក់២៥ពាន់ដុល្លារ
• Billy Graham Evangelistic Association and Samaritan’s Purse ទឹកប្រាក់១៣៥ពាន់ដុល្លារ
• Leukemia and Lymphoma Society ទឹកប្រាក់៥០ពាន់ដុល្លារ
• Drumthwacket Foundation ទឹកប្រាក់៤០ពាន់ដុល្លារ
• Citizens United Foundation ទឹកប្រាក់១០០ពាន់ដុល្លារ

យោងតាមរបាយការណ៍ដែលធ្វើការត្រួតពិនិត្យដោយ International Business Times បានបង្ហាញថា ចាប់តាំងពីពេលនោះមក មូលនិធិនេះមិនបានធ្វើសកម្មភាពឧបត្ថម្ភប្រាក់ដល់ស្ថាប័នណាមួយឡើយ រហូតដល់ឆ្នាំ២០១០ ទើបមានរបាយការណ៍ចេញផ្សាយសារជាថ្មីពីសកម្មភាពមនុស្សធម៌គឺ៖
• Generation Rescue ទឹកប្រាក់១០ពាន់ដុល្លារក្នុងឆ្នាំ២០១០
• Liberty Central Inc. ទឹកប្រាក់១០០ពាន់ដុល្លារក្នុងឆ្នាំ២០១០
• Citizens Against Government Waste ទឹកប្រាក់១០ពាន់ដុល្លារក្នុងឆ្នាំ២០១០
• Billy Graham Evangelistic Association ទឹកប្រាក់៥០ពាន់ដុល្លារក្នុងឆ្នាំ២០១២
• American Conservative Union ទឹកប្រាក់៥០ពាន់ដុល្លារក្នុងឆ្នាំ២០១៣
• Family Leader Foundation ទឹកប្រាក់២០ពាន់ដុល្លារក្នុងឆ្នាំ២០១៣ និង២០១៤
• Citizens United Foundation ទឹកប្រាក់១០០ពាន់ដុល្លារក្នុងឆ្នាំ២០១៤៕