(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះ​ រួមមាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៦ព្រឹកព្រលឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យនៅទីតាំងផ្ទះល្វែង (ភោជនីយដ្ឋានភ្នំពេញខេមរា) ស្ថិតនៅផ្លូវលេខ៦១ កែង១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៨នាក់ទៀត។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ពួកគេជាកម្មកសំណង់ជនជាតិវៀតណាម​ ជួលស្នាក់នៅ បានចំនួន០៨នាក់ មានលិខិតឆ្លងដែន០៣ក្បាល ទិដ្ឋាការទេសចរណ៍ តែមកបំរើការងារខុសទិសដៅ និងគ្មានលិខិតឆ្លងដែនចំនួន០៥នាក់។

សម្រាប់ជនជាតិវៀតណាមទាំងនេះ ត្រូវបានយកទៅសួរនាំបន្តទៀត ដើម្បីចាត់ការតាមនីតិវិធី៕