​(ហាណូយ)៖ នាវាចម្បាំសហរដ្ឋអាមេរិកចំនួន២គ្រឿង បានសុំចតជាលើកដំបូង ក្នុងរយៈពេល២១ឆ្នាំនេះ នៅកំពង់មូលដ្ឋានទ័ពជើងទឹកយុទ្ធសាស្ត្រ នៅឯទីក្រុង Cam Ranh​ របស់វៀតណាម ដោយនេះបានបង្ហាញពីជំហានដ៏មានសារៈសំខាន់មួយ នៅក្នុងការអភិវឌ្ឍទំនាក់ទំនងយោធា រវាងប្រទេសទាំងពីរ។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ។

នាវមុជផ្តល់ការផ្គត់ផ្គង់ដល់នាវមុជទឹក USS Frank Cable និងនាវាពិឃាជគ្រាប់មីស៊ីល USS John S. McCain បានទៅដល់មូលដ្ឋានទ័ពជើងទឹក កម្រិតទឹកជ្រៅ ក្នុងខេត្ត Khanh Hoa ហើយ ដោយនេះគឺលើកដំបូងតាមការស្នើសុំដោយ នាវាចម្បាំងសហរដ្ឋអាមេរិក ចាប់តាំងពីប្រទេសទាំងពីរ បានដាក់ទំនាក់ទំនងការទូតជាមួយគ្នាវិញ នៅក្នុងឆ្នាំ១៩៩៥។

​ការធ្វើដំណើរទស្សនកិច្ចនេះ បានធ្វើឡើងបន្ទាប់ពីមានការដកហូតយ៉ាងពេញលេញ នូវទណ្ឌកម្មពាណិជ្ជកម្មអាវុធ ជាមួយវៀតណាម នៅក្នុងខែឧសភា ដោយវាជាផ្នែកមួយ នៃយុទ្ធសាស្ត្រធ្វើឲ្យមានតុល្យភាព របស់លោកប្រធានាធិបតី Barack Obama មកកាន់តំបន់អាស៊ី។

ស្របពេលជាមួយគ្នានេះដែរ ភាពតានតឹងបាននឹងកំពុងកើនឡើង ស្តីពីការប្រជែងគ្នាទាមទារទឹកដី នៅតំបន់សមុទ្រចិនភាគខាងត្បូង បានធ្វើឲ្យប៉ះពាល់ដល់ ទំនាក់ទំនងរវាងវៀតណាម និងប្រទេសមហាយក្សចិន។

ការធ្វើដំណើរទស្សនកិច្ច ដោយនាវាបរទេស គឺជារឿងកម្រមួយ ហើយជាធម្មតាតែងតែមានការរៀបចំទុកជាមុន ចំពោះការថែរក្សា។ នាវាចម្បាំងជប៉ុន និងបារាំង ថ្មីៗនេះបានចូលចតនៅកំពង់ផែ នាទីក្រុង Cam Ranh ផងដែរ។

​ត្រូវបានបង្កើតឡើងជាមូលដ្ឋានទ័ពមួយ ដោយសហរដ្ឋអាមេរិក នៅអំឡុងសង្គ្រាមវៀតណាម, មូលដ្ឋានទ័ពជើងទឹក ​Cam Ranh ត្រូវបានប្រើប្រាស់យ៉ាងច្រើន ដោយកងកម្លាំងរុស្ស៊ី បន្ទាប់ពីចប់សង្គ្រាម៕