(ភ្នំពេញ)៖ តំណាងសកម្មជនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បាននាំគ្នាចេញញត្តិគាំទ្រមួយចំពោះការសម្រេចចិត្តរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ ក្នុងការចេញទៅចុះឈ្មោះបោះឆ្នោត ដែលបង្ហាញពីការបំពេញកាតព្វកិច្ចជាពលរដ្ឋដែលមានសិទ្ធិនយោបាយ ព្រមទាំងគាំទ្រដល់ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ដែលបានសម្រេចឲ្យក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិវិលចូលទៅប្រជុំសភាវិញ ដើម្បីបំពេញភារៈកិច្ចតាមឆន្ទះ របស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។

ក្រុមសកម្មជនតំណាងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក៏បានបញ្ជាក់នៅក្នុងញត្តិនោះទៀតថា «យើងខ្ញុំទាំងអស់គ្នាជាសកម្មជនតំណាងបក្សសង្គ្រោះជាតិនៅ រាជធានីភ្នំពេញ សូមគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោក កឹម សុខា ទាំងក្នុងពេលនេះ និងពេលខាងមុខ ដោយឥតងាករេ ព្រមទាំងបន្តបេសកកម្មដើម្បីស្តារ ប្រជាប្រិយភាពជូនគណបក្សឡើងវិញ បន្ទាប់ពីប្រឈមនឹងវិបត្តិក្បាលម៉ាស៊ីនដឹកនាំមួយរយៈមកនេះ»៕