(ភ្នំពេញ)៖ នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៨ ដែលជាវគ្គពិសេសប្រចាំឆមាស បានស្វែងរកឃើញជយលាភី Top-10 ហើយ​។

 វីដេអូខ្លីនិយាយពីសកម្មភាពមនុស្សធម៌ ក៏ដូចជាសារអប់រំពីគំរូល្អៗ នៅក្នុងសង្គម ដែលជាស្នាដៃរបស់ម្ចាស់ជយលាភី Top-10 ត្រូវបាន ដាក់ឲ្យបោះឆ្នោតគាំទ្រនៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន ចាប់ពីម៉ោង៦៖០០នាទីព្រឹក ថ្ងៃស្អែក ទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះតទៅ។ ​

ទន្ទឹមនឹងនេះ សូមចូលរួមសោកស្តាយ ចំពោះបេក្ខជនដែលទទួលបានការបោះ ឆ្នោតគាំទ្របានចំនួនតិច ប៉ុន្តែអាចបន្តចូលរួមប្រកួតនៅវគ្គទី៩ ក្នុងខែតុលា​នេះ។ សូមសាធារណៈជន ចូលរួមបោះឆ្នោតនៅថ្ងៃស្អែកទាំងអស់គ្នា ដើម្បីជ្រើសរើស «យុវជនគំរូកម្ពុជា TOP-1» តែម្នាក់នៅថ្ងៃស្អែកកុំបីខាន។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា| Am a Role Model» ក្នុងបំណងជំរុញយុវជន យុវនារី ឲ្យក្លាយទៅជាពលរដ្ឋគំរូល្អក្នុងសង្គម ដោយផ្តល់នូវការគាំទ្រលើកទឹកចិត្ត ឲ្យពួកគេចូលរួមនៅក្នុង Facebook របស់សម្តេច ដើម្បីមានឱកាសចូលរួមកាន់តែច្រើនក្នុងកិច្ចការសង្គម៕