(ហ្សាការតា)៖ ប្រភពពីមន្រ្តីយោធាឥណ្ឌូណេស៊ី បានឲ្យដឹងនៅថ្ងៃអង្គារនេះថា កងទ័ពជើងអាកាស ឥណ្ឌូណេស៊ី កំពុងតែប្រារព្ធធ្វើសមយុទ្ធយោធា ដែលធំជាងគេបង្អស់មិនធ្លាប់មានរបស់ខ្លួននៅក្បែរ កោះមួយចំនួនដែលស្ថិតនៅតំបន់ដែនសមុទ្រចិនខាងត្បូង ក្នុងគោលបំណងបង្ហាញការការពារ ដែនអធិបតេយ្យភាព របស់ឥណ្ឌូណេស៊ី នៅក្នុងដែនសមុទ្រសំបូរទៅដោយធនធានរ៉ែនេះ ដែលកំពុង ជាប់ពាក់ព័ន្ធនឹងជម្លោះដ៏រកាំរកូសជាមួយនឹងប្រទេសចិន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានចិន ស៊ិនហួរ នារល្ងាចថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០១៦។

អ្នកនាំពាក្យយោធាជើងអាកាសឥណ្ឌូណេស៊ីលោក Jemi Trisonjaya បានឲ្យដឹងទៀតថា ពលទាហានជើងអាកាសជាង ២,០០០នាក់ បាននិងកំពុងតែចូលរួមក្នុងសមយុទ្ធយោធាដែលមាន រយៈពេលពីរសប្តាហ៍ ដោយរួមមានទាំងការដាក់ឲ្យហោះហើរ នូវក្បួនយន្តហោះចម្បាំង Sukhoi និង F-16 របស់ឥណ្ឌូណេស៊ីទៀតផង។ លោក Trisonjaya បាននិយាយដូច្នេះថា «យើងចង់បង្ហាញពីវត្តមាន របស់យើងនៅក្នុងតំបន់នោះ ហើយយើងមានកងកម្លាំងទ័ពអាកាសគ្រប់គ្រាន់ ដែលអាចធ្វើឲ្យអ្នកដទៃៗទៀតញញើតយើងបាន»

ជុំវិញបញ្ហានេះដែរ កាលពីខែមិថុនា កន្លងទៅប្រធានាធិបតីប្រទេសឥណ្ឌូណេស៊ីលោក Joko Widodo បានចាប់ផ្តើមយុទ្ធនាការក្នុងការបង្កើតបន្ថែមនូវ រោងចក្ររុករករ៉ែប្រេង សម្ភារៈនេសាទ និងបរិក្ខា ការពារជាតិផ្សេងៗទៀត នៅជុំវិញកោះ Natuna បន្ទាប់ពីការប្រឈមមុខដាក់គ្នា ដែលបានកើតមាន ឡើងជាបន្តបន្ទាប់ រវាងកងទ័ពជើងទឹកឥណ្ឌូណេស៊ី នឹងទូកនេសាទរបស់ចិន។

ដោយឡែក ខណៈមិនមានបញ្ហាជម្លោះចំពោះការទាមទាររបស់ឥណ្ឌូណេស៊ីទៅលើកោះ Natuna ទេនោះ ប្រទេសចិន បានបង្ខំឲ្យឥណ្ឌូណេស៊ីខឹងសម្បារ ចំពោះការដែលចិនបានលើកឡើងថា ប្រទេសទាំងពីរ បានធ្វើការទាមទារជាន់គ្នាទៅលើផ្ទៃទឹកដែលស្ថិតនៅជិតកោះនោះ និងត្រូវបានឥណ្ឌូណេស៊ីហៅថាសមុទ្រ Natuna។

គួរបញ្ជាក់ដែរថា ប្រទេសឥណ្ឌូណេស៊ី មិនជាប់ពាក់ព័ន្ធនឹងបញ្ហាវិវាទនៅដែនសមុទ្រចិនខាងត្បូង នោះឡើយ ដោយប្រទេសដែលពាក់ព័ន្ធមានតែ ០៦ប្រទេសប៉ុណ្ណោះ គឺ ចិន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម ប៉ុន្តែឥណ្ឌូណេស៊ី មិនពេញចិត្ត ចំពោះការទាមទាររបស់ចិន លើដែនសមុទ្រចិនខាងត្បូង ដែលជ្រាតចូលមកក្នុងផ្ទៃទឹកនៅក្បែរកោះ Natuna នេះឡើយ៕