(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា បានអះអាងថា ការចាប់ខ្លូនមន្ដ្រីសមាគមអាដហុក៤នាក់ និងមន្ដ្រីគ.ជ.បម្នាក់ របស់អង្គភាពប្រឆាំងអំពើពុករលួយ នាពេលកន្លង​មកនោះ គឺមិនជាប់ពាក់ព័ន្ធជាមួយករណីនយោបាយនោះទេ ប៉ុន្តែជាការពាក់ព័ន្ធជាមួយបទល្មើសព្រហ្មទណ្ឌ សូកប៉ាន់សាក្សី។

ការអះអាងបែបនេះ របស់លោក កែវ រ៉េមី ត្រូវបានធ្វើឡើង ក្រោយបញ្ចប់កិច្ចប្រជុំជាមួយ លោកស្រី វ៉ាន់ ហ៊ីលី តំណាងការិយាល័យឧត្តមស្នងការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា ​នៅល្ងាច​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ។

លោកប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «គាត់ធ្វើការងារសិទ្ធិមនុស្សអត់មានបញ្ហាអ្វីនោះទេ ប៉ុន្ដែគាត់ទៅបំពានច្បាប់ គឺទៅប្រចេះ សាក្សីឲ្យនិយាយកុហក ហើយជាថ្នូរដើម្បីបញ្ជូនឲ្យទៅនៅក្រៅប្រទេស ហ្នឹងវាចូលទៅក្នុងបទសំណូក»។ លោកបន្ថែមថា កុំឲ្យ ACU ចាប់ឲ្យបានឲ្យសោះ តែACU ចាប់បានហើយពិបាកណាស់ ព្រោះអីនៅពេលចាប់ ACU មានភស្ដុតាងច្បាស់លាស់ណាស់ មុនធ្វើការងារនេះ។

សូមបញ្ជាក់ថា មន្រ្តីអាដហុក ៤រូប រួមមាន លោក នី សុខា, លោក យី សុខសាន្ត , លោក ណៃ វ៉ងដា , លោកស្រី លឹម មុនី និងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពី​ចុងខែមេសា ឆ្នាំ២០១៦ ដោយពេលនេះពួកគាត់ ត្រូវបានតុលាការឃុំបណ្តោះអាសន្ន នៅពន្ធធនាគារ ក្រោមការចោទប្រកាន់ពីបទល្មើសសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី៕