(ភ្នំពេញ)៖ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បានចាប់ផ្តើមមានសន្ទុះល្អឡើងវិញហើយ បន្ទាប់ពីខកខានកំណើន រយៈពេល៦ខែរួចមក គឺចាប់តាំងពីខែមិនា ដល់ខែសីហា ឆ្នាំ២០១៦។

របាយការណ៍នៃការនាំចេញអង្ករ ដែលអង្ករភាព Fresh News ទទួលបានពីក្រសួងកសិកម្ម នៅថ្ងៃទី៤ ខែតុលានេះ បានឲ្យដឹងថា នៅខែកញ្ញា ឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករកើនឡើង ៥៣.៦០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៥ ពោលនៅខែកញ្ញា កន្លងទៅនេះ កម្ពុជាបាននាំចេញអង្ករបាន៤១,៤២៩តោន ខណៈដែលខែកញ្ញាឆ្នាំមុន ការនាំចេញបានតែ ២៦៩៦៩តោនប៉ុណ្ណោះ។

របាយការណ៍បានបញ្ជាក់ទៀតថា រយៈពេល៩ខែដើមឆ្នាំ ការនាំចេញអង្កររបស់កម្ពុជា បានថយចុះ២ភាគរយ ថយចុះពី ៣៦៩,១០៥តោន ក្នុងឆ្នាំ២០១៥ មកនៅចំនួន ៣៦១,៥០៥តោន ក្នុងឆ្នាំ២០១៦។

អ្នកជំនាញក្នុងវិស័យស្រូវអង្ករ បានបញ្ជាក់ថា ការកើនឡើងនេះ ដោយសារតែប្រទេសកម្ពុជា ចាប់ផ្តើមដល់រដូវប្រមូលផលស្រូវ និងប្រទេសមួយចំនួនចាប់ផ្តើមបញ្ជាទិញឡើងវិញ។

លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន នាំចេញអង្ករ AMRU RICE បានប្រាប់អង្គភាព Fresh News ថា ការនាំចេញអង្កររបស់កម្ពុជា ចាប់ពីខែកញ្ញា ដល់ខែធ្នូ នឹងមានកើនឡើងវិញ ដោយសារតែប្រទេសកម្ពុជា ចាប់ផ្តើមដល់រដូវប្រមូលផលស្រូវ។

អ្នកនាំចេញដដែលបានលើកឡើងថា កំណើននៃការនាំចេញនេះ ក៏ដោយសារតែទីផ្សារប្រទេសចិន ចាប់ផ្តើមបញ្ជាទិញវិញផងដែរ ហើយប្រសិនបើក្នុងខែ តុលា ដល់ ខែធ្នូ ប្រទេសចិននៅតែបន្តទិញទៀតនោះ កំណើននៃការនាំចេញអង្ករ នៅតែបន្តកើនឡើងផងដែរ។

សូមជម្រាបថា នៅឆ្នាំ២០១៥កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានជិត៥៤ម៉ឺនតោន៕