(តួកគី)៖ មេបញ្ជាការប៉ូលិសតួកគី បានឱ្យដឹងនៅថ្ងៃអង្គារនេះថា មន្ត្រីប៉ូលិសច្រើនជាង ១២,០០០នាក់ ត្រូវបានដកចេញពីការងារក្រោមការសង្ស័យថា មានពាក់ព័ន្ធនឹង លោក Fethullah Gülen ដែលត្រូវបានរដ្ឋាភិបាលទីក្រុង អង់ការ៉ា ចោទថាជាមេក្លោងដឹកនំាការធ្វើរដ្ឋប្រហារមិនបានសម្រេច នៅតួកគី កាលពីពាក់កណ្ដាលខែកក្កដា កន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៤​ ខែតុលា ឆ្នាំ២០១៦។

យោងតាមសេចក្ដីថ្លែងការណ៍របស់ប៉ូលិសតួកគី បានបញ្ជាក់ថា ក្នុងចំណោមប៉ូលិសដែលត្រូវបាន បញ្ឈប់ពីការងារជាង ១២,៨០១ នាក់ មាន ២,៥៤៣នាក់ ជាមេបញ្ជាការប៉ូលិសថ្នាក់តំបន់ ខណៈ កងកម្លំាងប៉ូលិសសរុបទំាងបុរស និង ស្រ្តីនៅតួកគីមានសរុបប្រមាណជា ២៧០,០០០ នាក់។

ចាប់តំាងពីមានរដ្ឋប្រហារមិនបានសម្រេចមក អាជ្ញាធរ តួកគី បានដឹកនំាប្រតិបត្តិការបោសសំអាត ទ្រង់ទ្រាយធំនៅទូទំាងប្រទេស ដូចជានៅក្នុងជួរ កងទ័ព ប៉ូលិស ចៅក្រម វិស័យរដ្ឋបាល អប់រំ កីឡា សេដ្ឋកិច្ច និង ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនផ្សេងទៀត ហើយមិនតែប៉ុណ្ណោះ  ផ្អែកលើតួរលេខចុងក្រោយ ចេញផ្សាយកាលពីសប្ដាហ៍មុន មានមនុស្សសរុប ៣២,០០០ នាក់ត្រូវចាប់ខ្លួន និង ៧០,០០០ នាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ រដ្ឋាភិបាលតួកគី បានសម្រេចពន្យាពេល ការដាក់ប្រទេសក្នុងភាព ប្រកាសអាសន្នចំនួន៩០ថ្ងៃ រាប់ចាប់ពីមានរដ្ឋប្រហារមិនបានសម្រេចមក៕