(ភ្នំពេញ)៖ ប្រជាពលរដ្ឋរាប់រយគ្រូសារ រស់នៅភូមិតាងៅកណ្ដាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ កំពុងរងទុក្ខវេទនា ដោយគ្រោះជំនន់ទឹកភ្លៀង ជន់លិចលង់ផ្ទះសម្បែង និងផ្លូវក្នុងភូមិទាំងមូល មិនអាចធ្វើចរាចរណ៍បាន ចាប់តាំងពីថ្ងៃទី១៧ ខែកញ្ញា រហូតមកដល់ពេលនេះ ដូច្នេះហើយប្រជាពលរដ្ឋ បានស្នើសុំជួយសង្រ្គោះពួកគាត់ផង។

ប្រជាពលរដ្ឋ បាននិយាយថា នៅពេលនេះពួកគាត់បានប្រើទូក ជំនួសការប្រើរថយន្ត និងម៉ូតូ ដើម្បីធ្វើដំណើរម្តងៗ ហើយអ្វីដែលជាការព្រួយបារម្ភខ្លាំងនោះ គឺកូនតូចៗរបស់ខ្លួនតែម្តង ខ្លាចមិនបានមើលដិតដល់ធ្លាក់ចូលទឹកលង់ស្លាប់។ ប្រជាពលរដ្ឋរស់នៅភូមិខាងលើ បានទូរស័ព្ទប្រាប់ Fresh News ថា «ពេលនេះទឹកមានក្លិនស្អុយជាខ្លាំង ហើយសំរាមអណ្តែតពេញក្នុងភូមិ ប្រសិនជាមានស្ត្រីឆ្លងទន្លេ ឬអ្នកជម្ងឺចាស់ជរា ត្រូវការសង្គ្រោះបន្ទាន់ពិតជាគ្មានមធ្យោបាយជួយគាត់បាននោះទេ។ ភ្លៀងរាល់ថ្ងៃទឹកឡើងរាល់ថ្ងៃ ក្ដីបារម្ភក៏មានរាល់ថ្ងៃដែល ហើយបញ្ហានេះសម្ដេចនាយករដ្ឋមន្ត្រី តែងចាត់ទុកសុខទុក្ខប្រជាពលរដ្ឋជាចម្បង ដូច្នោះសូមអាជ្ញាធខណ្ឌជួយប្រជាពលរដ្ឋផង ព្រោះទុក្ខវេទនារបស់ប្រជាពលរដ្ឋគឺជាសុខទុក្ខផ្ទល់របស់សម្ដេចតេជោ»។ ប្រជាពលរដ្ឋខាងលើបានបន្តថា ថ្ងៃខ្លះភ្លៀងធំជាង២ម៉ោង ទឹកលិចចូលពាក់កណ្ដាលផ្ទះ ក៏ប៉ុន្តែមិនដែលឃើញ អាជ្ញាធរចុះមកជួយប្រជាពលរដ្ឋនោះទេ ដូច្នោះសូមមេត្តា ថ្នាក់ដឹកនាំសង្កាត់ ខណ្ឌ និងលោកអភិបាលរាជធានីភ្នំពេញ ជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរស់នៅ ក្នុងទឹកស្អុយប្រកបដោយហានីភ័យ  បើគ្មានវិធានការណ៍ពីថ្ងៃនេះទេ ថ្ងៃណាមួយទឹក នឹងលិចដល់ដំបូលផ្ទះប្រជាពលរដ្ឋជាក់ជាពុំខានមិនខាន។

យ៉ាងណាក៏ដោយ នៅព្រឹកមិញនេះអភិបាលរងខណ្ឌច្បារអំពៅ លោក ថេង ស៊ីថុល តំណាងលោក អ៊ាវ ស៊ីផាន បានដឹកនាំមន្រ្តីជំនាញចុះទៅពិនិត្យស្ថានភាពនេះហើយ ដែលជាដំណោះស្រាយនោះគឺ ការដាក់ម៉ាស៊ីនបូមទឹកចាក់ចូលទៅ ទន្លេបាសាក់ ប៉ុន្តែការបូមនេះមិនអាចបូមទឹកឲ្យអស់នោះទេ គ្រាន់តែអាចជួយឲ្យស្រកចុះខ្លះតែប៉ុណ្ណោះ៕