(បន្ទាយមានជ័យ)៖ មន្ត្រីជលផល និងសមត្ថកិច្ចចម្រុះរួមមាន កម្លាំងនគរបាល កម្លាំងអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបបទល្មើសនេសាទចំនួន៥កន្លែង ដោយធ្វើការបំផ្លាញព្រួលប្រវែង៨០ម៉ែត្រឧបករណ៍ មានទ្រូលូប២៥គ្រឿង ដែលដាក់បិតមុខទឹកប្រព័ន្ធធារាសាស្ត្រ នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោក សេង ធូ នាយសង្កាត់រដ្ឋបាលជលផល ស្រុកមង្គលបូរីបានប្រាប់ថា ដោយមានការយកចិត្តទុកដាក់ចំពោះបទល្មើសនេសាទ នាយខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យ បានចាត់ឲ្យមន្ត្រីជលផល សហការជាមួយកម្លាំងនគបាលនិងកងរាជអាវុធហត្ថ ស្រុកមង្គលបូរី រួមជាមួយសហគមន៍ បានចុះបង្ក្រាបបទល្មើសនេសាទ ដែលដាក់ព្រួលបិតមុខទឹកជាប្រព័ន្ធធារាសាស្គ្រ នាំឲ្យប៉ះពាល់ដល់ ស្រូវប្រជាកសិករ។

លោកបានបន្តថា «ក្រោយពេលចុះបង្ក្រាប យើងបានបំផ្លាញចោលមានចំនួន៥កន្លែង មានព្រួលប្រវែង៨០ម៉ែត្រ បង្គោលចំនួន៨០ដើម និងឧបករណ៍មានទ្រូ លុបចំនួន២៥គ្រឿង និងលេងកូនត្រីចម្រុះ១៥គីឡូក្រាម ដែលបង្ក្រាបមាននៅចំណុចប្រឡាយខាងលិច១កន្លែង ប្រវែង១៥ម៉ែត្រ បង្គោលចំនួន១៥ដើមទ្រូ លូបចំនួន៥គ្រឿង ស្ថិតនៅខាងលិចប្រឡាយ ភូមិរូងក្រប៉ៅឃុំអូរប្រាសាទ។ មាន៤កន្លែងទៀត បង្ក្រាបមានព្រួលប្រវែង៦៥ម៉ែត្រ បង្គោលចំនួន៦៥ដើម មានឧបករណ៍មានទ្រូ លុបមានចំនួន២០គ្រឿង ស្ថិតភូមិពោធិ៍ពីរដើម ឃុំរហាត់ទឹក»

លោក ឡុង វុទ្ធី នាយខណ្ឌរដ្ឋបាលជលផល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ថា ក្រោយមានសេចក្តី រាយការណ៍ របស់ប្រជាពលរដ្ឋថា មានករណីលួចដាក់ព្រួលស្ទាក់យកត្រី តាមប្រព័ន្ធធារាសាស្រ្តក្នុងឃុំរហាត់ទឹក និងឃុំអូរប្រាសាទ ស្រុកមង្គលបូរី កើតមានជាច្រើនកន្លែង ក៏ដូចមានការណែនាំពីអភិបាលខេត្តនោះ លោកបានឲ្យមន្ត្រីជំនាញ សហការជាមួយមន្ត្រី នគបាល និងកងរាជអាវុធហត្ថស្រុក រួមជាមួយសហគមន៍ ទៅចុះបង្ក្រាបនិងបំផ្លាញចោល ដើម្បីរំដោះទឹកសម្រាប់ប្រជាកសិករធ្វើស្រូវ។
ជាមួយគ្នានេះ លោកបានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបញ្ឈប់ការដាក់ព្រួលស្ទាក់ទឹកតាមប្រព័ន្ធ ធារាសាស្គ្រដើម្បីការពារមិនឲ្យ លិចលង់ស្រូវ ប្រជាកសិករត្រូវចូលរួមការពារទុកជាផលប្រយោជន៍រួម៕