(ភ្នំពេញ)៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ បានថ្លែងនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះថា រោងម៉ាស៊ីនប្រមាណ ជាង១៥០ ដែលជាសមាជិករបស់សហព័ន្ធ បានប្រមូលទិញស្រូវសែនក្រអូប របស់ប្រជាកសិករ ដែលជួបប្រទះនូវបញ្ហាធ្លាក់ថ្លៃ បានប្រមាណជាង៣០ម៉ឺនតោនហើយ ខណៈស្រូវសែនក្រអូប របស់កសិករប្រមាណ២០ម៉ឺនតោមទៀត កំពុងនៅវាលស្រែប្រមូលផល នៅឡើយ ដែលទាមទារឲ្យសាធារណជន មានការចូលរួមជួយទិញស្រូវរបស់កសិករ ដើម្បីជួយកសិករខ្មែរ។

ការថ្លែងរប​ស់លោក សុខ ពុទ្ធីវុធ យ៉ាងដូច្នេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ទិញស្រូវកម្ពុជា ជួយកសិករកម្ពុជា» នៅព្រឹកថ្ងៃទី៤ ខែតុលានេះ នាទីស្នាក់ការសហព័ន្ធស្រូវអង្ករកម្ពុជា។

លោក សុខ ពុទ្ធីវុធ បានលើកឡើងថា បើទោះបីជាមានការទិញស្រូវអង្ករ របស់កសិកររួមទាំងការបញ្ចេញទុន ដើម្បីឲ្យរោងម៉ាស៊ីនកិនស្រូវ ជួយទិញស្រូវពីកសិករយ៉ាងក្តី ក៏បញ្ហានេះមិនទាន់ធូរស្រាលនៅឡើយនោះទេ ពោលគឺទាមទារឲ្យមានការចូលរួមពីសាធារណជន បន្តជួយទិញស្រូវពីប្រជាកសិករ។

លោក សុខ ពុទ្ធីវុធ បានបញ្ជាក់ទៀតថា អ្វីដែលជាបញ្ហាបារម្ភនៅចំពោះមុខ គឺបញ្ហាស្រូវសែនក្រអូបប្រមាណ២០ម៉ឺនតោនរបស់កសិករ ប្រសិនបើរោងម៉ាស៊ីនកិនស្រូវ ពួកគាត់នៅស្ទាក់ស្ទើរនៅក្នុងការទិញ ដោយរង់ចាំរហូតដល់រដូវប្រមូលផលស្រូវធ្ងន់មកដល់ នេះអាចនឹង ធ្វើឲ្យតម្លៃបន្តនៅជាបញ្ហា។ ដូច្នេះហើយទើបសហព័ន្ធធ្វើការអំពាវនាវ ឲ្យសាធារណជន បន្តជួយទិញស្រូវកសិករ និងជំំរុញឲ្យរោងម៉ាស៊ីន កិនស្រូវ បន្តទិញថែមទៀតដោយកុំស្ទាក់ស្ទើរ ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ សហព័ន្ធស្រូវអង្ករ ក៏បាននិងកំពុងរៀបចំនូវការពង្រឹងទីផ្សារក្នុងស្រុក បន្ថែមលើការពឹងផ្អែកលើការនាំចេញអង្ករ ទីផ្សារក្នុងស្រុក ក៏ជាទីផ្សារមានសក្តានុពល ដោយសារ១ឆ្នាំៗ យ៉ាងតិចអង្ករប្រមាណ១.២លានតោន ត្រូវបានប្រើប្រាស់ក្នុង ប្រទេសកម្ពុជា។

សូមជម្រាបថា នៅកំឡុងខែកញ្ញា ឆ្នាំ២០១៦ បញ្ហានៃការធ្លាក់ចុះនៃតម្លៃស្រូវ បានធ្វើឲ្យប្រជាកសិករ ពិបាកយ៉ាងខ្លាំង ដែលពួកគាត់ ត្អូញត្អែរពីការខាតបង់។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសមួយ ដោយទម្លាក់ថវិកា ២៧លានដុល្លារ ដើម្បីឲ្យធនាគារអភិវឌ្ឍន៍ជនបទ ធ្វើប្រតិបត្តិការផ្តល់ឥណទាន ដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពី ប្រជាកសិករ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនទូទៅរួមមានមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ពាណិជ្ជករជាដើម បានជួយទិញអង្ករ សែនក្រអូបរបស់កសិករ ក្នុងគោលបំណងជួយដល់ កសិករខ្មែរ ដែលជួបប្រទះការធ្លាក់ចុះថ្លៃតម្លៃស្រូវ៕