​(ព្រៃវែង)៖ ដោយមើលឃើញពីភាពកំសត់ អត់ឃ្លានរបស់លោកយាយ លោកតា តាមទីជនបទដាច់ស្រយាល តារាចម្រៀង​ចិត្តធម៌ លេចធ្លោក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ជនក្រីក្រ លោក សន វិជ្ជបុត្រ បាននាំយកអង្ករចំនួន២តោន និងសម្ភារៈមួយចំនួនទៀត មានដូចជាថ្នាំពេទ្យ និងសារ៉ុង ជាដើម ដែលបានមកពីទឹកចិត្តចេះ ចែករំលែករបស់សប្បុរសជន​ ទៅចែកជូនដល់ចាស់ជរាជន គ្មានទីពឹងចំនួន១០០គ្រួសារ នាស្រុកកំណើត តាមការសន្យា។

ការជូនអំណោយ​ ដល់ចាស់ជរាចំនួន១០០គ្រួសារនេះ គឺបានធ្វើឡើង ស្របពេលនឹងការអំពាវនាវដល់បណ្តាក្រុមហ៊ុននានា ក៏ដូចជាមន្រ្តី រាជការ មានធន់ធានជួយទិញអង្កររបស់កសិករខ្មែរ ដែលកំពុងខ្វះខាតទីផ្សារ និងមានតម្លៃចុះថោកខ្លាំង ។ សកម្មភាពនេះអាចជាការចូលរួម ធ្វើបុណ្យ ដាក់ទានដល់ក្រុមគ្រួសារ ដែលមានជីវភាពលំបាកពិតប្រាកដ​ ដោយផ្ទាល់ដៃ។ ​ការប្រគល់នេះ ត្រូវបានធ្វើឡើង នាល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦នេះ នៅលើទឹកដីកំណើតរបស់តារាចម្រៀង សន វិជ្ជបុត្រ ក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្ត​ព្រៃវែង ដោយមានវត្តមាន សិល្បករ​មួយចំនួន ចូលរួម​ផងដែរ។

ស្ថិតនៅក្នុងបរិយាកាសស្ងប់ស្ងាត់ អមដោយសំឡេងថ្លែងអំណរគុណតិចៗ (អរគុណចៅៗទាំងអស់គ្នាហើយ) ចេញពីមាត់របស់លោកតា លោកយាយ តារាចម្រៀង សន វិជ្ជបុត្រ បានបញ្ជាក់ប្រាប់ Fresh News និង Khmertalking ថា លោកមិនមានធនធានអ្វីឲ្យច្រើន​ជាដុំកំភួនទេ គឺមានតែទឹកចិត្ត ហើយតាមរយៈទឹកចិត្ត និងទំនុកចិត្តពីបងប្អូនសប្បុរសជន និងអ្នករួមអាជីព ទើបមានសប្បុរសជនមួយចំនួន បានរួមចំណែកជាមួយលោក ក្នុងការជួយដល់កសិករ ក៏ដូចជាអាចចែករំលែកដាក់ទាន ដល់ជនក្រីក្រចាស់ជរា។​ ពីដំបូងលោកមាន គម្រោងទិញស្រូវ២តោន ប៉ុន្តែដោយមានការគាំទ្រ ពីសប្បុរសជនមួយចំនួន ទើបទិញបានជាអង្ករបាន២តោនវិញ ដើម្បីយកទៅចែកជូន ដល់បងប្អូនលោកយាយលោកតា ក្រីក្រផ្ទាល់ដៃតែម្ដង។

តារាចម្រៀងមានឈ្មោះល្បី តាមរយៈការងារជួយដល់ជនក្រីក្រ លោក សន វិជ្ជបុត្រ បានបន្ត​ថា អ្វីដែលលោកចង់រួមចំណែកផងដែរ គឺចង់ឲ្យជីដូន និងជីតា នៅស្រុកកំណើត បានធ្វើបុណ្យដាក់ទាន នៅរដូវបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែពេលនេះជីដូនរបស់លោក បានធ្លាក់ខ្លួន ឈឺសម្រានជាប់ នៅនឹងកន្ទេលទៅហើយ ប៉ុន្តែលោកនិងជីតា នៅតែបន្តគម្រោងតាមការសន្យា ដើម្បីតបតាមការផ្តល់ទំនុកចិត្ត ពីមិត្តភ័ក្កិបងប្អូន។ ក្រោយពីបានឃើញ​ពីការខ្វះខាតទីផ្សារ លក់ស្រូវអង្ករ​​របស់កសិករខ្មែរ ធ្វើឲ្យលោកកើតចិត្តអាណិត ដល់ពួកគាត់ ព្រោះតែលោកក៏ធ្លាប់ឆ្លងកាត់ជីវិត ជាកូនអ្នកកសិករម្នាក់ដែរ ដែលត្រូវដឹងពីការលំបាក ក្នុងការធ្វើស្រែចម្ការ​។

លោក សន វិជ្ជបុត្រ បញ្ជាក់ថា សប្បុរសជនដែលបានជួយសង្គ្រោះចាស់ជរា និង​ក្មេងកំព្រាចំនួន១០០គ្រួសារ នៅតំបន់ខាងលើនោះ មានដូចជាលោក ឆាលី លោក ចាយ រីលិន, លោក ​អែនណា វីតា, អ្នកស្រី Kate Tiana នៅប្រទេសអូស្រ្តាលី និងលោក អ៊ំ ប្រធាន សមាគន៌ខ្មែរអូស្រ្តាលី។ ក្រៅពីនេះមានកញ្ញា ផល្លា ថាច , លោក Vincent ha dinh ,លោកស្រី ពូន ម៉ាលីលី, លោកស្រី ពូន ម៉ាលីដា,លោក ពូន ម៉ាដេត, លោកស្រី ផេង​ រស់នៅសហរដ្ឋអាមេរិក។

​អំណោយសម្រាប់១០០គ្រួសារខាងលើ ទាំងអស់មានអង្ករ ចំនួន ២ តោន សារុង ១០០ ក្រមា​១០០​​ ថ្នាំពេទ្យ ១០៤ ប្រ​អប់ ។ ​ក្រុមគ្រួសារ ទាំង១០០គ្រួសារ ដែលទទួលបានអំណោយទាំងនេះ សុទ្ធតែជាជនចាស់ជរា កុមារកំព្រា ដែលកំពុងរស់នៅប្រឈមនឹងការខ្វះខាត លើផ្នែក ជីវភាពរស់នៅ។ បើទោះបីជាអំណោយរបស់​លោក និងសប្បុរសជនមិនអាចសម្រាល ការខ្វះខាតរបស់ពួកគាត់ទាំងស្រុងក្តី នេះក៏ជាការ ឆ្លុះបញ្ចាំង​ពីទឹកចិត្ត និងការចែករំលែកជួយគ្នា ក្នុងគ្រាមានអាសន្ន ក្នុងនាមជាខ្មែរ ដូចគ្នា៕