(ភ្នំពេញ)៖ ពលរដ្ឋខ្មែរ១៣នាក់ ត្រូវអាជ្ញាធរថៃឃាត់ខ្លួនរឿងឆ្លងដែនខុសច្បាប់ទៅធ្វើការ និងស្នាក់នៅប្រទេសថៃនាថ្មីៗនេះនោះ ពេលនេះត្រូវបានអាជ្ញាធរថៃដោះលែងឲ្យត្រឡប់មកកម្ពុជាវិញហើយ បន្ទាប់ពីមានការអន្តរាគមន៍ដោយមន្រ្តីទូតកម្ពុជា។ នេះបើតាម លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញប្រកាសនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានផ្តល់ព័ត៌មានថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៦ នគរបាលអន្តោប្រវេសន៍ថៃ រួមនឹងអាជ្ញាធរពាក់ព័ន្ធមូលដ្ឋាន បានចុះត្រួតពិនិត្យអ្នកឆ្លងដែនចូលប្រទេសថៃនៅចំណុចបរិវេណបន្ទប់ជួល១០០ខ្នង ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តសាកែវ និងបានឃាត់ខ្លួនពលរដ្ឋកម្ពុជា ដែលឆ្លងដែនទៅស្នាក់នៅ និងធ្វើការខុសច្បាប់ ចំនួន១៣នាក់។

ក្រសួងការបរទេសបានអះអាងថា ស្ថានអគ្គកុងស៊ុល បានទៅជួបពលរដ្ឋខ្មែរទាំង១៣នាក់ នៅប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ស្រុក អារញ្ញប្រាថេត និងទទួលបានព័ត៌មានថា ពលរដ្ឋខ្មែរទាំងនោះ (បុរស១០នាក់ និងនារី៣នាក់) មកពីខេត្ត កំពង់ចាម បាត់ដំបង និងបន្ទាយមានជ័យ បានឆ្លងដែនចូលទៅប្រទេសថៃ ដោយពុំមានឯកសារអ្វីទាំងអស់ ហើយស្នាក់នៅនិងប្រកបរបរដេរទ្រនាប់ជើង និងបោកអ៊ុតនៅក្បែរផ្សាររ៉ុងក្លឿ។

ស្ថានអគ្គកុងស៊ុលបានសម្របសម្រួលជាមួយអាជ្ញាធរថៃឲ្យដោះលែង និងបញ្ជូនពលរដ្ឋខ្មែរទាំង១៣នាក់ ត្រឡប់មកកម្ពុជាវិញ នៅព្រឹកថ្ងៃដដែល តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕