(ញូយ៉ក)៖ សារព័ត៌មាន BBC បានរាយការណ៍ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នេះថា អគ្គរដ្ឋអាជ្ញា នៃរដ្ឋញូយ៉ក បានចេញដីកាបង្គាប់ឲ្យមូលនិធិសប្បុរសធម៌របស់ បេក្ខភាពប្រធានាធិបតី សហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បញ្ឈប់សកម្មភាពរៃអង្គាសប្រាក់ជាបន្ទាន់ ដោយសំអាងថា មូលនិធិរបស់លោកគឺមិនគោរពតាមបទដ្ឋានច្បាប់។

អគ្គរដ្ឋអាជ្ញារដ្ឋក្រុងញូយ៉ក ​លោក Eric Schneiderman បានបញ្ជាក់នៅក្នុងលិខិតមួយផ្ញើជូនមូលនិធិ លោក Donald Trump​ កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា មូលនិធិរបស់លោកមិនបាន ចុះបញ្ជីសុពលភាព ជាមួយនឹងការិយាល័យកិច្ចការសង្គមនៃរដ្ឋញូយ៉ក ហើយក៏មិនបានផ្ដល់ព័ត៌មានហិរញ្ញវត្ថុពាក់ព័ន្ធនឹង សកម្មភាពរបស់ខ្លួនដែរ ​ដូច្នេះមូលនិធិលោក Donald Trump មានរយៈពេល១៥ថ្ងៃ ដើម្បីផ្ដល់ព័ត៌មានដែលខាងរដ្ឋអាជ្ញាបានស្នើសុំ។

គួរបញ្ជាក់ថា កាសែត Washington Post ​បានចុះផ្សាយកាលពីខែកញ្ញា ថា លោក Donald Trump​​ បានប្រើប្រាស់មូលនិធិរបស់ខ្លួនជាង ២៥៨,០០០ ដុល្លារ ដើម្បីចំណាយលើការបង់ពិន័យ បន្ទាប់ពីមានរឿងក្ដីក្ដាំមួយ ដែលទង្វើនេះគឺផ្ទុយនឹងច្បាប់ពន្ធដារអាមេរិក៕