(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដេញតាមក្របួចវាយខ្នោះ បានភ្លាមៗម្នាក់ខណៈបក្ខពួក២ទៀត បានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីជិះម៉ូតូទៅធ្វើសកម្មភាព ឆក់កាបូបដាក់ប្រាក់ ពីជនរងគ្រោះ ២នាក់ម្ដាយនិងកូន ដែលកំពុងជិះម៉ូតូចេញពីទិញមាស ដើម្បីត្រឡប់ទៅផ្ទះវិញ ។

លោក រឿន វន នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ បានបញ្ជាក់ថា ករណីបង្ក្រាបជនសង្ស័យដែលបាន ធ្វើសកម្មភាពឆក់កាបូបលុយនេះ បានធ្វើឡើងនៅវេលាម៉ោង ១១៖៣០នាទី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវជា តិលេខ៥ ស្ថិតក្នុងក្រុម២ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ លោក រឿន វន បានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ យ៉ែម ហ៊ូវ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចុងភៅម្ហូបការ និងស្នាក់នៅមិនពិតប្រាកដ រីឯបក្ខពួក២នាក់ទៀត បាននិងកំពុងរត់គេចខ្លួន ។

ចំណែកជនរងគ្រោះទី១-ឈ្មោះ ម៉ូរ៉ា ហ្សា ភេទស្រី អាយុ២៦ឆ្នាំ ជាអ្នកបើកម៉ូតូ និងទី២-ឈ្មោះ ម៉ូត វន្នី ភេទស្រី អាយុ៥៧ឆ្នាំ ត្រូវជាម្តាយ មុខរបរនៅផ្ទះ ជនរងគ្រោះ២នាក់ម្ដាយកូន ស្នាក់នៅផ្ទះលេខ០៨ ក្រុម៦ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នាយនគរបាលប៉ុស្ដិ៍ដដែល បានឲ្យដឹងទៀតថា បើតាមការរៀបរាប់ឲ្យដឹងពីជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យនៅមុន ពេលកើតហេតុជនរងគ្រោះ២នាក់ម្ដាយនិងកូន បានជិះម៉ូតូ១គ្រឿងម៉ាក Zoomer X ឌុបគ្នាចេញពីទិញមាសនៅផ្សារគីឡូម៉ែត្រលេខ៧ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីរត្បូងទៅជើង ដោយដៃមានកាន់កាបូបលុយ មានប្រាក់សរុបជាង២០០០ដុល្លារ ពេលជិះ មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងដែលមិនស្គាល់ម៉ាក បានមកធ្វើសកម្មភាពឆក់កាបូប តែមិនបានសម្រេចឡើយ និងបណ្ដាលឲ្យ២នាក់ម្ដាយកូន ដួលម៉ូតូដោយម្ដាយរងរបួសបែកក្បាល ព្រមទាំងរបូតកាបូបលុយពីដៃ ហើយភ្លាមនោះក៏លេចមុខ ជនសង្ស័យជាបក្ខពួកម្នាក់ទៀត ជិះម៉ូតូសេ១២៥មួយគ្រឿង បានមកឈប់រើសកាបូបបម្រុងជិះរត់គេចខ្លួន ក៏ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដែលឈរជើងយាមល្បាតនៅក្បែ រកន្លែងកើតហេតុបានមកជួយអន្តរាគមន៍ភ្លាមៗ ដោយចាប់វាយខ្នោះបក្ខពួក ជនសង្ស័យបានម្នាក់ដើម្បីយកមកសួរនាំ និងដកហូតបានម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ១គ្រឿង ដែលជនសង្ស័យ ជិះធ្វើសកម្មភាព រួមនិងកាបូបដែលមានប្រាក់ប្រមាណជាជាង២០០០ដុល្លារ ត្រូវបានសមត្ថកិច្ចប្រគល់ជូន ជនរងគ្រោះវិញផងដែរ ខណៈបក្ខពួក២នាក់បានជិះម៉ូតូរត់គេចខ្លួន បាត់ស្រមោលតែម្ដង ។

លោកនាយប៉ុស្ដិ៍បន្តថា  ក្រោយឃាត់ខ្លួនសាកសួរជនស្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេរួមជាមួយនិងបក្ខពួកដែលកំពុង រត់គេចខ្លួនពិតជាបានសហការគ្នាដោយធ្វើសកម្មភាពឆក់កាបូបលុយពីជនរងគ្រោះ២នាក់ម្ដាយកូនដែលកំពុងជិះម៉ូតូពិតប្រាកដមែន។

សូមបញ្ជាក់ថា ជនសង្ស័យរួមជាមួយវត្ថុតាងម៉ូតូ ត្រូវបញ្ជូនមកឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿង ចាត់ការតាមនិតិវិធី របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕