(ភ្នំពេញ)៖ បណ្តាញព័ត៌មានរបស់ចិន បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា នៅសប្តាហ៍ក្រោយនេះ ។ ប៉ុន្តែទោះជាយ៉ាងណា​ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានប្រាប់ Fresh News ឱ្យដឹងថា រហូតដល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីទស្សនកិច្ចរបស់ លោក ស៊ី ជិនពីង នៅឡើយទេ។

បើតាមបណ្តាញព័ត៌មានរបស់ចិន បានឱ្យដឹងថា លោក ស៊ី ជិនពីង នឹងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ នៅសប្តាហ៍ក្រោយនេះ ពោលចាប់ថ្ងៃទី១៣ ដល់១៥ ខែតុលា ឆ្នាំ២០១៦។ Fresh News ក៏មិនទាន់អាចស្វែងរកការបញ្ជាក់ពីស្ថានទូតចិនប្រចាំនៅកម្ពុជានៅឡើយទេ។

ដោយឡែកទីភ្នាក់សារព័ត៌មានជាតិកម្ពុជា (AKP) ក៏បានចុះផ្សាយកាលពីសប្តាហ៍មុនដែរថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) គ្រោងបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នៅក្នុងខែតុលានេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ គម្រោងទស្សនកិច្ចរបស់ប្រធានាធិបតីចិន មកកម្ពុជា ត្រូវបានបង្ហើបឡើងក្រោយពីមានជំនួបរវាង សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង អនុរដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈ របស់ ប្រទេសចិនលោក Wang Xiaohong កាលពីសប្តាហ៍មុន។

ទោះជាយ៉ាងណា បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចគ្រប់ផ្នែក បានបើកកិច្ចប្រជុំមួយនៅព្រឹកថ្ងៃអង្គារនេះ ដើម្បីត្រៀមការពារ សម្រាប់ដំណើរទស្សនកិច្ច លោក ស៊ី ជិនពីង មកប្រទេសកម្ពុជានៅសប្តាហ៍ក្រោយនេះដែរ។

នេះអាចគម្រោងទស្សនកិច្ចជាផ្លូវការលើកដំបូងសម្រាប់ លោក ស៊ី ជិនពីង ក្នុងនាមលោកជាប្រធានាធិបតីចិន។ លោក ស៊ី ធ្លាប់មកទស្សនកិច្ច នៅកម្ពុជាម្តងដែរ កាលពីឆ្នាំ២០០៩ ក្នុងដំណែងកាលណោះ ជាអនុប្រធានាធិបតីចិន៕

រូបភាពខាងក្រោមនេះ ជាការជួបគ្នា រវាងសម្តេចតេជោ ហ៊ុន សែន និងលោក ស៊ី ជិនពីង រយៈពេល៧ឆ្នាំមុន