(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានគ្រោះអគ្គិភ័យកើតឡើងចំនួន៣លើក នៅទូទាំងប្រទេស ដោយគិតចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦នេះ ហើយបើធៀបនឹងឆ្នាំ២០១៥ មានការថយចុះពី២លើក។ នេះបើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់ អគ្គិភ័យ នៃក្រសួងមហាផ្ទៃ បា្រប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦។

លោកឧត្តមសេនីយ៍ទោ បានឲ្យដឹងថា គ្រោះអគ្គិភ័យកើតឡើង៣លើកនេះ មាននៅខេត្តកំពង់ធំ១លើក ខេត្តព្រះវិហារ១លើក និងខេត្តបន្ទាយមានជ័យ១លើក រីឯការខូចខាតវិញរួមមាន ឆេះផ្ទះ២ខ្នង ម៉ាស៊ីនកិនស្រូវ១គ្រឿង ម៉ូតូ១គ្រឿង កង់២គ្រឿង និងសម្ភារៈមួយចំនួនទៀត ហើយមូលហេតុ ដែលបង្កឲ្យមានគ្រោះអគ្គិភ័យបណ្ដាលមកពី ឆាបសាំង១លើក និង២លើកទៀត កំពុងធ្វើការស្រាវជ្រាវ។

ប្រធាននាយកដ្ឋានបង្ការ និងពន្លត់ អគ្គិភ័យ បានបន្ថែមថា បើប្រៀបធៀបទៅបុណ្យភ្ជុំបិណ្ឌឆ្នាំមុន រយៈពេល៣ថ្ងៃដូចគ្នា ​គឺមានការថយចុះ២លើក ដោយឆ្នាំមុនគ្រោះអគ្គិភ័យ កើតឡើង៥លើក៕