(កណ្តាល)៖ អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន បានសម្តែងនូវការសោកស្តាយចំពោះព័ត៌មានដែលបានចុះផ្សាយថា «អធិការនគរបាល ស្រុកកោះធំ ត្រូវដកតំណែងចេញក្រោយបង្ក្រាបវៀតណាមនេសាទខុសច្បាប់» ដោយលោកចាត់ទុកថា ការផ្សាយនេះបានធ្វើឲ្យប៉ះពាល់ ដល់ការខិតខំប្រឹងប្រែងរបស់លោក និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំង។

ខាងក្រោមនេះ ជាអត្ថបទទាំងស្រុងដែលលោកអធិការស្រុកកោះធំ សរសេរបង្ហោះលើ Page Facebook ផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកកោះធំ៖

«ព្រឹកថ្ងៃទី ០៣.តុលា.២០១៦ ក្រោយ Page Facebook: I Love Cambodia Hot News II ចុះផ្សាយអធិការនគរបាលស្រុកកោះធំ ត្រូវដកតំណែងចេញក្រោយបង្ក្រាបវៀតណាមនេសាទខុសច្បាប់។ ខ្ញុំពិតជាមានការសោកស្តាយចំពោះ ព័ត៌មាននេះណាស់ ព្រោះវាបានធ្វើប៉ះពាល់ ដល់ការខិតខំរបស់ខ្ញុំ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលយ៉ាងខ្លាំង។ ព័ត៌មានខាងលើគឺមិនពិតនោះទេ ខ្ញុំនៅតែជាអធិការនគរបាលស្រុកកោះធំ។

ពាក់ព័ន្ធ នឹងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចុងក្រោយនេះ ថ្នាក់ដឹកនាំខេត្ត និងក្រសួងមហាផ្ទៃ មានការសប្បាយរីករាយណាស់ គឺមិនបានស្តីបន្ទោសអ្វីបន្តិចនោះទេ មានតែការសសើរលើកទឹកចិត្តពិសេស ឯកឧត្តមអភិបាលខេត្ត ម៉ៅ ភិរុណ ។ ខ្ញុំហ៊ាននិយាយថា ថ្នាក់ដឹកនាំមិនតិចជាង ១០ នាក់ទេ ដែលទូរស័ព្ទជំរុញឲ្យខ្ញុំបន្តការបង្ក្រាបបទល្មើសនេសាទប្រភេទនេះបន្តទៀត។

ជាក់ស្តែងដោយសារការខិតខំបំពេញភារកិច្ចបានល្អនេះហើយ ទើបថ្មីៗនេះសម្តេចក្រឡាហោម ស ខេង បានសំរេចតម្លើងសក្កិខ្ញុំមួយថ្នាក់ទៀត ដែលជាហេតុ ធ្វើឲ្យមតិខ្លះយល់ថា ជាការដកទៅវិញ។ យ៉ាងក៏ដោយ ខ្ញុំក៏សូមថ្លៃងអំណគុណចំពោះ Page និងប្រជាជន ដែលបានផ្ញើសារលើកទឹកចិត្តជាច្រើន។ នេះសបញ្ចាក់ថា ប្រជាពលរដ្ឋខ្មែរចាប់ផ្តើមយល់តម្លៃមន្ត្រីដែលខិតខំបំពេញការងារបានត្រឹមត្រូវ។ ប៉ូលីសខ្មែរនឹងមិនមែនជាអ្នកជម្ងឺសង្គមទេ តែប៉ូលីសនឹងក្លាយជាអង្ករខ្មែរដ៏សែនក្រអូប ។ ចូររិះគន់ក្នុងន័យស្ថាបនា ហើយវាយប្រហារចុះមន្ត្រីខិលខូច តែសូមលើកទឹកចិត្តផង មន្ត្រីខិតខំធ្វើល្អ! ទោះបីយើងមានពណ៌សម្បុរមិនដូចគ្នា តែយើងជាជាតិខ្មែរតែមួយ!

ខ្ញុំ វរសេនីយ៍ទោ ឈឿន ប៊ុនឆន»