(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក New York Times បានរាយការណ៍ថា នៅក្នុងជំនួបជាមួយនឹង ក្រុមប្រឆំាងរដ្ឋាភិបាលស៊ីរី ប្រមុខការទូតសហរដ្ឋអាមេរិក លោក John Kerry បានសម្ដែងការស្ដាយ ចំពោះលោក បារ៉ាក់ អូបាម៉ា និងសភាអាមេរិក ដែលមិនបានគំាទ្រការអំពាវនាវរបស់លោកក្នុងការ ធ្វើសកម្មភាពឆ្លើយតបដោយកងទ័ពថ្មើរជើង ប្រឆាំងនឹងកងកម្លាំងប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន រុស្ស៊ី Russian Today នៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០១៦។

យោងតាម New York Times នៅក្នុងជំនួបជាមួយនឹង ក្រុមប្រឆាំងស៊ីរី នៅអំឡុងពេលនៃកិច្ចប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែកញ្ញា លោក John Kerry បានថ្លែងថា «ខ្ញុំគិតថាអ្នក (ក្រុមប្រឆំាងស៊ីរី) កំពុងពឹងលើមនុស្សពីរបីនាក់ក្នុងរដ្ឋាភិបាល ដែលបានគំាទ្រការ ប្រើប្រាស់កម្លាំងយោធា ហើយខ្ញុំបានបរាជ័យ។ ខ្ញុំគំាទ្រការប្រើប្រាស់កម្លាំងយោធា [....] ក៏ប៉ុន្តែរឿងនេះ​បានវិវត្តន៍ទៅផ្សេងៗពីគ្នា»

ដោយឡែកទាក់ទិននឹងអនាគតស៊ីរី លោក John Kerry បានផ្ដល់យោបល់ឱ្យក្រុមប្រឆាំងស៊ីរីចូលរួមក្នុង រដ្ឋាភិបាលអន្តរកាល បើទោះជាមានការចូលរួមពីលោក បាហ្សា អាល់ អាស្សាដ សម្រាប់ការបោះឆ្នោត ប្រធានាធិបតីនៅពេលបន្ទាប់ក៏ដោយ។ លើសពីនេះទៅទៀត លោក Kerry បានបញ្ជាក់ឡើងវិញថា សហរដ្ឋអាមេរិក មិនចង់ឃើញអ្នកប្រយុទ្ធជាយុវជនវ័យក្មេង ឬក៏ការបង្ហូរឈាមនៅក្នុងប្រទេសដទៃ ទៀតឡើយ ដោយលោកបានលើកឡើងដូច្នេះថា «គឺអ្នក(ក្រុមប្រឆំាងស៊ីរី) ដែលត្រូវតស៊ូប្រយុទ្ធ ដើម្បីពួកយើងទំាងអស់គ្នា ក៏ប៉ុន្តែមិនមែនពួកយើងជាអ្នកតស៊ូប្រយុទ្ធដើម្បីអ្នកនោះឡើយ»